កីឡា

បិទវគ្គបណ្តុះបណ្តាល​ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១ជាផ្លូវការ

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ ២០២៣ វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១ ដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២០ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានសិក្ខាកាម ចូលរួមចំនួន ៥០ នាក់ ក្នុងនោះស្រីចំនួន ២៤ នាក់ ត្រៀមខ្លួនចូលរួមធ្វើ ជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិ សម្រាប់ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជានៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡា ។

ក្នុងឱកាសនេះ ដោយមានការអញ្ជើញ ចូលរួមពិធីបិទពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករង តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ផែ សុខ អនុប្រធានសហព័ន្ធ អត្តពលកម្មកម្ពុជា តំណាងឲ្យលោក សំហេង បុរស ប្រធានសហព័ន្ធ និងCuddikota Valson ជាគ្រូឧទ្ទេសផ្នែកមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ មកពីប្រទេសឥណ្ឌា លោកជាប្រធានប្រតិភូ បច្ចេកប្រចាំតំបន់អាស៊ី និងជា សមាជិកមន្ត្រីបច្ចេកទេស ពិភពលោក ។

លោក ខៀវ សំណាង អគ្គលេខាធិការរង សហព័ន្ធអត្តពលកម្មកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១ ដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២០ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នក ចូលរួមចំនួន៥០នាក់ ស្រីចំនួន២៤នាក់ ។ អ្នកចូលរួមមកពី តាមបណ្តារាជធានីខេត្តចំនួន១៥ ក្នុងនោះមានគរុសិស្ស ដែលកំពុងតែសិក្សានៅវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា – លោកគ្រូអ្នកគ្រូអប់រំកាយនិងកីឡា និងមន្ត្រីកីឡាដែលបម្រើការងារ ក្នុងអង្គភាពចំណុះអគ្គ នាយកដ្ឋានកីឡាផងដែរ ។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណដល់លោក Cuddikota Valson ជាគ្រូឧទ្ទេសផ្នែកមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ មកពីប្រទេសឥណ្ឌា លោកជាប្រធានប្រតិភូ បច្ចេកប្រចាំតំបន់អាស៊ី និងជា សមាជិកមន្ត្រីបច្ចេកទេសពិភពលោក នេះជាលើកទី២ហើយ ដែលលោកបានមកចូលរួមរៀបចំ វគ្គបណ្តុះបណ្តាល ផ្នែកមន្ត្រីបច្ចេកទេសនេះ ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺការបង្កើនធនធានមន្ត្រី បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ជាតិ អន្តរជាតិ ជាតម្រូវការចាំបាច់ សម្រាប់ចូលរួមក្នុងការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើប្រភេទកីឡាអត្តពលកម្ម ។

លោកអនុប្រធានបន្តថា ខ្ញុំសង្ឃឹមថាក្នុងវគ្គបណ្តាលនេះអ្នកចូល រួមទាំងអស់នឹងខិតខំ ប្រឹងប្រែងសិក្សាស្វែងយល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗទាំងទ្រឹស្ដី និងអនុវត្តនៅលើទីលានជាមូលដ្ឋាន និងជា ទុនសម្រាប់បំពេញការងារ ភារៈកិច្ចជាក់ស្ដែង ហើយក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះលោកគ្រូអ្នកគ្រូ ប្អូនៗ ក្មួយ នឹងមានសមត្ថភាព អាចយកទៅប្រើប្រាស់ក្នុងការរៀបចំ ការប្រកួតថ្នាក់មូលដ្ឋាន ថ្នាក់ជាតិនិងថ្នាក់អន្តរជាតិក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យផងដែរ ៕

Most Popular

To Top