កំណត់ត្រារកបានគ្រាប់បាល់ លឿនបំផុតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គឺកំពុងកាន់កាប់ដោយកីឡាករកម្ពុជា សៀង ចន្ធា សម្រេចទី បានត្រឹមរយៈពេល១៨វិនាទីប៉ុណ្ណោះកាលពីឆ្នាំ២០១៩ ។
គ្រាប់បាល់របស់សមាជិកក្លឹបបឹងកេត រកបានក្នុងជំនួបកម្ពុជា លេងទល់នឹងមីយ៉ាន់ម៉ា នៅវគ្គដណ្ដើមមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រៀបចំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ជារឿងដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា រំភើបចិត្តជាខ្លាំង បន្ទាប់ពីកែបាល់លេងបានតែ១៨វិនាទី ខ្សែបម្រើប្រយុទ្ធ សៀង ចន្ធារកបានគ្រាប់នាំមុខជូនក្រុមទាំងមូល ។
វាបានធ្វើឲ្យចន្ធា ក្លាយជាម្ចាស់កំណត់ត្រា រកបានគ្រាប់បាល់ លឿនបំផុតនៅស៊ីហ្គេម រហូតដល់បច្ចុប្បន្ន ។ យ៉ាងណាមិញ ក្នុងការប្រកួតនេះបានបន្តរហូតដល់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោយពេលកម្ពុជា និងមីយ៉ាន់ម៉ាប្រកួតស្មើគ្នា ២-២។
បន្ទាប់ពីបញ្ចប់ការប្រកួត មីយ៉ាន់ម៉ា ទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីឈ្នះបាល់ប៉េណាល់ទីលើកម្ពុជា ៥ទល់នឹង៤។ ត្បិតទទួលបានចំណាត់ថ្នាក់លេខ៤បែបនេះក្ដី តែនេះជាកំណត់ត្រាចំណាត់ថ្នាក់ល្អបំផុត សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាប់តាំងពីចូលប្រកួតស៊ីហ្គេម។