ព្រឹត្តិការណ៍

ណាហ្គាវើលដ៍ បេះដូងសប្បុរស បន្តលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ សង្គម របស់ក្រុមហ៊ុនណាហ្គាខប លីមីធីត បានបន្តប្តេជ្ញា ជួយលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ បានរៀបចំដំណើរទស្សនកិច្ច ២ លើកបន្ថែមទៀត សម្រាប់កុមារ ១១៤ នាក់មកពីអង្គការមិនស្វែង រកប្រាក់ចំណេញ ហើយគំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ស្មារតី នៃព្រឹត្តការណ៍កីឡាប្រវត្តិសាស្ត្រ និងគាំទ្រ ដល់ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូង ។

កុមារមកពីបណ្តា អង្គការក្រៅរដ្ឋាភិបាល មកទស្សនកិច្ច និងសិក្សាស្វែងយល់ អំពីការតុបតែងលម្អ បែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន

ដើម្បីគាំទ្រ និងអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែង សួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជនថតរូប និងព្រះអគ្គីជ័យ ដែលបង្កើត ជាបរិយាកាស ដ៏ទាក់ទាញ ។ ការតុបតែងលម្អ ដ៏អស្ចារ្យនេះត្រូវបានដាក់ដំឡើង ក្នុងខែឧសភាព និងតាំងបង្ហាញ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។

កាលពីថ្ងៃទី១ និង ទី២ ខែមិថុនា ឆ្នាំ២០២៣ថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរ ទស្សនកិច្ច ២ បន្ថែមទៀត មកកាន់សួនច្បារ សម្តេចតេជោ ហ៊ុន សែន សម្រាប់ កុមារមកពី “អង្គការជួយសង្គ្រោះជនអស់សង្ឃឹម” និង “អង្គការបែងចែកមូលនិធិ” រួមទាំងកុមារ ដែលមានពិការភាព រាងកាយផងដែរ។ ទស្សនកិច្ចនេះ មានគោលបំណងចង់ឲ្យកុមារសិក្សា ស្វែងយល់អំពីកីឡា ស្រឡាញ់កីឡា និងមានមោទកភាពចំពោះជាតិកាន់តែខ្លាំង។ បន្ទាប់ពីទស្សនកិច្ច ពួកគេត្រូវបាននាំទៅសាលប្រជុំនៅក្នុងអគារណាហ្គាវើលដ៍ ដើម្បីស្តាប់បទបង្ហាញ ពាក់ព័ន្ធនឹងកីឡាអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ ។ ពួកគេបានបង្ហាញអំពីអារម្មណ៍ រីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានចំណេះដឹង អំពីកីឡាអាស៊ានប៉ារ៉ាហ្គេម ទទួលបានសម្ភារសិក្សា និងឈ្នះរង្វាន់ពីណាហ្គាវើលដ៍ ។

កុមារឆ្លើយសំណួរ និងឈ្នះរង្វាន់បន្ទាប់ពីការធ្វើបទបង្ហាញ ពាក់ព័ន្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម របស់ក្រុមការងារណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលបានធ្វើឡើង នៅឯសាលប្រជុំ នៅណាហ្គាវើលដ៍ទី១

លោក ឆាត ថុន នាយកអង្គការ ជួយសង្គ្រោះជនអស់សង្ឃឹម បាននិយាយថា “កុមាររបស់យើងពិតជារីករាយយ៉ាងខ្លាំង ចំពោះការទស្សនកិច្ច និងការធ្វើបទបង្ហាញ ដែលរៀបចំយ៉ាងពិសេស សម្រាប់ពួកគេ ។ វាជាបទពិសោធន៍ថ្មី ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលបានបង្កើតឱកាសនេះដល់ពួកយើង ។ យើងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនទៀតក្នុងពេលអនាគត”។ សកម្មភាព បែបអប់រំនេះ បានបញ្ចប់ប្រកប ដោយភាពរីករាយជាមួយ នឹងការថតរូបជុំគ្នា នៅលើសួនខណៈកុមារទាំងអស់ ទទួលបានអាហារ ពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ នៅពេលត្រឡប់ទៅអង្គការ របស់ពួកគេវិញ ។

សូមរំឭកថា កាលពីចុងខែ ឧសភានេះថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ចលើកទី១ ដើម្បីជួយលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាមួយកុមារ ១៤៩ នាក់ មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ ។ ក្នុងខណៈដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគាំទ្រដោយធានាថាកុមារ ដែលមានប្រវត្តិផ្សេងៗ គ្នាមានឱកាសស្មើៗគ្នា ក្នុងការចូលរួមសកម្មភាព បរិយាបន្ន ។

កុមារថតរូបជុំគ្នា ទុកជាអនុស្សាវរីយ៍ មុនពេលត្រឡប់ទៅអង្គការ និងមណ្ឌលវិញ

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាននឹងកំពុងដំណើរការការងារសង្គម ដោយផ្តោតទៅលើសសរស្តម្ភចំនួន ៤ គឺ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ។ មកដល់បច្ចុប្បន្ន មានកុមារ និងប្រជាពលរដ្ឋនៅ តាមសហគមន៍ជាង ៤៩៨.០០០ នាក់ បានទទួលប្រយោជន៍ពីគំនិតផ្តួចផ្តើមទាំងនេះ ៕

Most Popular

To Top