កីឡា

ក្រុមអត្តពលិក តេក្វាន់ដូ WT ចេញទៅចូលរួម 16th ASEAN Taekwondo Championships នៅហ្វីលីពីន

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាការិនីចំនួន ១០ រូបនាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួមការប្រកួត នៃព្រឹតិ្តការណ៍ការប្រកួតជើង ឯកតេក្វាន់ដូអាស៊ានលើកទី១៦ ២០២៣ “16th ASEAN Taekwondo Championships” Ayala Malls Manila Bay ប្រទេសហ្វីលីពីន ដែលនឹងប្រព្រឹត្តិ ចាប់ពីថ្ងៃ១០ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូបានមានប្រសាសន៍ថា តេក្វាន់ដូកម្ពុជាបានគណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាការិនីចំនួន ១០ រូបរួមមានលោកជាប្រធានប្រតិភូ លោក ឆយ យ៉ុងសុក គ្រូបង្វឹក លោក ប៉ាន់ ខេមរា គ្រូជំនួយ លោក ហែម សំណាង និងលោក សូ ណារ៉ូ ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ព្រមទំាងកីឡាការិនី ៥រូបទៀត ។

លោកអគ្គលេខាធិការបានបន្តថា កីឡាការិនី ៥ រូបទៀតប្រកួតលើវិញ្ញាសាប្រយុទ្ធដូចជាកីឡាការិនី រដ្ឋា សុត្ថារ័ត្ន កីឡាការិនី គ្រី លីដែន កីឡាការិនី ថាច់ ធីឌឿក កីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី សុខ ស្រីតូច។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមខ្លាំង ៤០០ នាក់មកពីប្រទេសហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងប្រ៊ុយណេ៕

Most Popular

To Top