លោកយូ ជិនហុង គឺជាអត្តពលិកដំបូងគេបង្អស់ ដែលដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ឲ្យកម្ពុជា តាមរយៈវិញ្ញាសាប្រដាល់សកល កាលពីឆ្នាំ១៩៦១ ។
ឆ្នាំ១៩៦១ ព្រឹត្តិការណ៍ស៊ីហ្គេម បានរៀបចំនៅទីក្រុងយ៉ាំងហ្គោន់ ប្រទេសភូមា។ នាឆ្នាំនោះ ស៊ីហ្គេមមានតែប្រទេសចំនួន៧ប៉ុណ្ណោះចូលរួមប្រកួតប្រជែង មានដូចជា ភូមា កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃនិងវៀតណាម លើ១៣ប្រភេទកីឡា។
កម្ពុជានៅពេលនោះដណ្ដើម បានមេដាយមាស១គ្រឿង ប្រាក់៦គ្រឿងនិងសំរឹទ្ធ៤គ្រឿង សរុបទាំងអស់១១គ្រឿង ឈរនៅលេខ៦ក្នុងតារាងចំណាត់ថ្នាក់មេដាយ។ ម្ចាស់ផ្ទះភូមាឈរលើកំពូល តារាងឈ្នះមេដាយសរុប១០៤គ្រឿង ក្នុងនោះមានមាស៣៥គ្រឿង។
យោងតាមវិបសាយ សហព័ន្ធប្រដាល់សកលអាស៊ី ASBC ឲ្យដឹងថា មេដាយមាសមួយគ្រឿងរបស់កម្ពុជាក្នុងឆ្នាំ១៩៦១ រកបានដោយលោក យូ ជិនហុង ក្នុងវិញ្ញាសាប្រដាល់សកល។ ហើយលោកបានក្លាយជាអត្តពលិកដំបូងគេបង្អស់ ដែលយកបានមេដាយមាស នៅព្រឹត្តិការណ៍ស៊ីហ្គេមជូនកម្ពុជា។

លោកយូជិនហុង (ខាងឆ្វេង)
ក្រៅពីស៊ីហ្គេម នៅឆ្នាំ១៩៦២ លោក យូ ជិនហុង បានបន្តក្លាយជាអត្តពលិកកម្ពុជាទី១ ឈ្នះមេដាយនៅព្រឹត្តិការណ៍ កីឡាទ្វីបអាស៊ី ឬដែលគេស្គាល់ថា Asian Games។ នៅឆ្នាំនោះ លោកដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងជូនកម្ពុជា លើវិញ្ញាសាប្រដាល់សកល ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
