ភ្នំពេញ ៖ ក្រុមកីឡាការិនីតេក្វាន់ដូ WT កម្ពុជា ដណ្តើមមេដាយប្រាក់ និងមេដាយសំរិទ្ធចំនួន ៣ គ្រឿង នៃព្រឹតិ្តការណ៍ការប្រកួតជើងឯក តេក្វាន់ដូអាស៊ានលើកទី១៦ ២០២៣ “16th ASEAN Taekwondo Championships” Ayala Malls Manila Bay ប្រទេសហ្វីលីពីន ដែលនឹងប្រព្រឹត្តិ ចាប់ពីថ្ងៃ១០ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូបានមានប្រសាសន៍ថា ក្រុមកីឡាការិនីតេក្វាន់ដូ WTកម្ពុជាដណ្តើមមេដាយប្រាក់ និងមេដាយសំរិទ្ធ ចំនួន ៣ គ្រឿងសម្រាប់ការប្រកួតលើកនេះរួមមានកីឡាការិនី ឈឿង អាលីហ្សា ប្រកួតប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះកីឡាការិនីហ្វីលីពីន និងវគ្គផ្តាច់ព្រ័ត្រចាញ់កីឡាការិនី វៀតណាម ២ទឹកទល់១ទឹកទទួលបានមេដាយ ប្រាក់ ១គ្រឿង កីឡាការិនី គ្រី លីដែន ប្រកួតប្រភេទទម្ងន់ក្រោម ៤៦គីឡូក្រាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ចាញ់កីឡាការិនីហ្វីលីពីន ២ទឹក ទល់១ទឹក ។

កីឡាការិនី សុខ ស្រីតូច ប្រកួតប្រភេទទម្ងន់ក្រោម ៦២គីឡូក្រាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាញ់កីឡាការិនីហ្វីលីពីន ២ទឹក ទល់នឹង០ ។ តេក្វាន់ដូកម្ពុជាបានគណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាការិនីចំនួន ១០ រូបរួមមានលោកជាប្រធានប្រតិភូ លោក ឆយ យ៉ុងសុក គ្រូបង្វឹក លោក ប៉ាន់ ខេមរា គ្រូជំនួយ លោក ហែម សំណាង និងលោក សូ ណារ៉ូ ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ព្រមទំាងកីឡាការិនី ៥រូបទៀត។

លោកអគ្គលេខាធិការបានបន្តថា កីឡាការិនី ៥ រូបទៀតប្រកួតលើវិញ្ញាសាប្រយុទ្ធដូចជាកីឡាការិនី រដ្ឋា សុត្ថារ័ត្ន កីឡាការិនី គ្រី លីដែន កីឡាការិនី ថាច់ ធីឌឿក កីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី សុខ ស្រីតូច។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមខ្លាំង ៤០០ នាក់មកពីប្រទេសហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងប្រ៊ុយណេ៕


