កាលពីយប់មិញ ខែ្សបម្រើ Casemiro ទទួលបានកាតក្រហមតែម្ដង ដោយមិនទទួលបានកាតលឿង។ នេះទើបតែជាលើកទី ២ ប៉ុណ្ណោះ ក្នុងអាជីពកីឡាករប្រេស៊ីលជាង ១០ ឆ្នាំកន្លងមកនេះ។
ក្នុងប្រកួតជាមួយក្លឹប Southampton កីឡាករ Casemiro បានទទួលរងការពិន័យកាតក្រហមតែម្ដង ពីសំណាក់អាជ្ញាកណ្ដាល Antony Taylor នៅនាទី ៣៤។ ស្ថានភាពនេះកើតឡើង បន្ទាប់ពីកីឡាករប្រេស៊ីលបានធ្វើការដណ្ដើមបាល់ពីកីឡាករខាងក្លឹប Southampton។ ដំបូងឡើយ អាជ្ញាកណ្ដាលឲ្យត្រឹមកាតលឿង។ តែក្រោយមក បន្ទាប់ពីពិនិត្យជាមួយប្រព័ន្ធ VAR អាជ្ញាកណ្ដាលសម្រេចដូរចិត្ត ហើយឲ្យ Casemiro កាតក្រហមយកតែម្ដង។ ការណ៍នេះធ្វើឲ្យ Casemiro មិនបានចូលលេង ៤ ប្រកួតឲ្យក្លឹបបិសាចក្រហម ក្នុងនោះ ១ ប្រកួតក្នុងប្រកួតកម្មវិធី FA Cup និង ៣ ប្រកួត Premier League។
ការទទួលបានកាតក្រហមយកតែម្ដងបែបនេះ ទើបតែកើតឡើងជាលើកទី ២ ប៉ុណ្ណោះ ក្នុងអាជីពរបស់ Casemiro ហើយទាំងពីរលើកកើតឡើងនៅពេលលេងឲ្យ Manchester United។ Casemiro លេងឲ្យបិសាចក្រហមមិនដល់មួយឆ្នាំផង។ ព្រឹត្តិការណ៍កាតក្រហមលើកទី ១ កើតឡើងនៅដើមឆ្នាំនេះ ពេល Man Utd ទាត់ជាមួយ Crystal Palace។
ក្នុងអាជីពលេងជាង ៥០០ ប្រកួត Casemiro មិនដែលជួបរឿងបែបនេះឡើយ។ ជាការពិត កីឡាករប្រេស៊ីលធ្លាប់ទទួលបានកាតក្រហម ដែលកាតក្រហមទាំងនោះ គឺជាកាតក្រហមដែលកើតឡើងពីការទទួលបានកាតលឿងពីរដង។ ទោះជាយ៉ាងណា កីឡាកររូបនេះ ទទួលបានកាតក្រហមយកតែម្ដងតែពីរលើកប៉ុណ្ណោះ ក្នុងមួយអាជីពខ្លួនគិតមកទល់ពេលនេះ។
អ្នកចាត់ការបិសាចក្រហម លោក Erik Ten Hag មិនសប្បាយចិត្តឡើយទាក់ទិននឹងរឿងនេះ។ លោកថាបើ Premier League ចង់ក្លាយជាលីគកំពូលប្រកបដោយការប្រកួតប្រជែងខ្ពស់ លីគត្រូវគិតគូរឡើងវិញ រឿងសេចក្ដីសម្រេចចិត្តរបស់អាជ្ញាកណ្ដាល៕