កីឡា

លោកស្រី ហ៊ុន កុសនី ៖ វិស័យអប់រំកាយ និងកីឡាជាសមាសភាគ មួយដ៏សំខាន់នៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សា មិនអាចខ្វះមួយណាបានឡើយ

ខេត្តកណ្តាល ៖ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាលតំណាងលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល និងមន្រ្តីក្រុមឱកាទខេត្តកណ្តាល ព្រមទំាងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទ នៃព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលឆ្នាំសិក្សា ២០២២-២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។

លោកស្រី ហ៊ុន កុសនី បានមានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡាជាសមាសភាគមួយដ៏សំខាន់ ក្នុងចំណោមសមាសភាគទាំង៥នៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សា មិនអាចខ្វះមួយណាបានឡើយ ពិសេសចំពោះក្មួយៗ កុមារា-កុមារីកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះវាអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារយើងឲ្យមានលទ្ធភាព ទទួលយកការអប់រំបានល្អ ។
.
លោកស្រីអភិបាលរងខេត្តបានបន្តថា កីឡាធ្វើឲ្យក្មួយៗសប្បាយ កីឡាធ្វើឲ្យក្មួយៗមានមិត្តច្រើន និងធ្វើឲ្យក្មួយៗមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ ទាំងឡាយ ធ្វើឲ្យខួរក្បាលក្មួយៗភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ព្រមទាំងខិតខំរៀនសូតដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ នាពេលអនាគត ។ លោកលោកបានកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈកម្មការ រៀបចំការប្រកួត និងអនុគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែងរៀបចំ គ្រប់បែបយ៉ាង ធ្វើឲ្យការប្រកួតនេះ ទទួលបាននូវភាពសុក្រឹត យុត្តិធម៌ និងជោគជ័យ ។ នេះជាសក្ខីកម្មបង្ហាញពីការ ដឹកនាំ គ្រប់គ្រង របស់មន្ទីរអប់រំ យុវជន និងកីឡា ពិសេសផ្នែកជំនាញកីឡា ដែលនាំគ្នាយកចិត្ត ទុកដាក់លើក្រុមថ្នាលរបស់កីឡា ហើយបានធ្វើឲ្យវិស័យ កីឡាខេត្តកណ្តាល មានការអភិវឌ្ឍ រីកចម្រើនគួរជាទីមោទនៈ ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានថ្លែងថា ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ហើយការប្រកួតនេះ បានដំណើរការអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយចែកចេញជា៤ផ្នែករួមមាន៖ផ្នែកកីឡាអត្តពលកម្ម ,ផ្នែកកីឡាបាល់បោះ,ផ្នែកកីឡាបាល់ទះ,ផ្នែកកីឡាបាល់ទាត់៕

Most Popular

To Top