កណ្តាល៖ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល តំណាងឲ្យលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងពិធិបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២២-២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល ព្រមទំាងប្រធាន អនុប្រធានមន្ទីរ និងនាយកសាលាជាច្រើនរូបទៀត។
លោកស្រី ហ៊ុន កុសនី បានមានប្រសាសន៍ថា លោកស្រីបានចាត់ទុកវិស័យកីឡា ជាវិស័យមួយដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹង បែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ។
លោកជំទាវបានបញ្ជាក់ថា ការចូលរួមលេងកីឡា គឺជាសកម្មភាពមួយដែលកំណត់ ដោយរាជរដ្ឋាភិបាលកម្ពុជាដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក្រោមប្រធានបទ “យុវជនម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ។ ជាពិសេសកីឡាធ្វើឲ្យក្មួយៗសប្បាយ កីឡាធ្វើឲ្យក្មួយៗមានមិត្តច្រើន កីឡាធ្វើឲ្យក្មួយៗមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ ទាំងឡាយ ធ្វើឲ្យខួរក្បាលក្មួយៗភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ព្រមទាំងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ នាពេលអនាគត ។
លោកជំទាវបាន ផ្តាំផ្ញើដល់ក្មួយៗដែលដណ្តើមបានពានរង្វាន់ថ្ងៃនេះថា ក្មួយៗត្រូវបន្ថែមការ ហ្វឹកហាត់តទៀត ដើម្បីទៅចូលរួមប្រកួតនៅថ្នាក់ជាតិ នាពេលខាងមុខនេះ ក្មួយៗដែលមិនទទួល បានពានរង្វាន់សង្ឃឹមទុកចិត្ត លើក្រុមដែលឈ្នះថា ពេលត្រឡប់មកវិញនឹងអាចយកកិត្តិយសជូន ខេត្តកណ្តាលជាក់ជាមិនខាន ។ ដោយឡែកក្រុមចាញ់ កុំអស់សង្ឃឹម ត្រូវគិតថាបច្ចេកទេសយើង មិនទាន់ដល់កម្រិតទើបយើងចាញ់ ហេតុនេះពេលត្រឡប់ទៅសាលាវិញ ខិតខំហ្វឹកហាត់បន្ថែម ដើម្បី មកចូលរួមប្រកួតនៅឆ្នាំក្រោយទៀត និងយកជ័យជម្នះឲ្យទាល់តែបាន៕ ដោយ៖លី ភីលីព




