កីឡា

ក្រុមបាល់ទាត់ក្រុងតាខ្មៅ លើកពាន នៃការប្រកួតកីឡា សិស្សមធ្យមសិក្សាជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣

ភ្នំពេញ៖ ក្រុមបាល់ទាត់មធ្យមសិក្សាក្រុងតាខ្មៅ (វិទ្យាល័យ ហ៊ុន សែន សេរីភាព)បានគ្រងតំណែងជើងឯក នៃការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២២-២០២៣ បន្ទាប់ក្រុមនេះ បានយកឈ្នះលើក្រុមបាល់ទាត់មធ្យមសិក្សាស្រុកអង្គស្នូល ដោយគ្រាប់ប៉េណាល់ទីនៅផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ក្នុងឱកាសប្រគល់ជយលាភី និងប្រគល់មេដាយក្រុមកីឡាករ-កីឡាការិនីមធ្យមសិក្សានាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល តំណាងឲ្យលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ព្រមទំាងប្រធាន អនុប្រធានមន្ទីរ និងនាយកសាលាជាច្រើនរូបទៀត។

សម្រាប់ក្រុមបាល់ទាត់មធ្យមសិក្សាក្រុងតាខ្មៅ (វិទ្យាល័យ ហ៊ុន សែន សេរីភាព)បានគ្រងតំណែងជើងឯក ក្រុមបាល់ទាត់មធ្យមសិក្សាស្រុកអង្គស្នូលគ្រងតំណែងជើងឯករង (វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត) ក្រុមបាល់ទាត់មធ្យមសិក្សាស្រុកកៀនស្វាយជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់មធ្យមសិក្សា ស្រុកកណ្តាលស្ទឹង ជាប់ចំណាត់ថ្នាក់លេខ ៤ ។

ចំណែក ក្រុមបាល់ទាត់នារី មធ្យមសិក្សាស្រុកកណ្តាលស្ទឹង (វិទ្យាល័យកំពង់កន្ទួត) គ្រងតំណែងជើងឯក ក្រុមបាល់ទាត់នារី មធ្យមសិក្សាស្រុកកណ្តាលស្ទឹងគ្រង តំណែងជើងឯករង ក្រុមបាល់ទាត់នារីមធ្យមសិក្សាស្រុកកៀនស្វាយជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់មធ្យមសិក្សាស្រុកខ្សាច់កណ្តាលជាប់ចំណាត់ថ្នាក់លេខ ៤។ 

ក្រុមការងាររបស់លោក ជា វុទ្ធី អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្កាក់ដែលតែងតែយកចិត្តទុកដាក់ នៅរួមសុខរួមទុក្ខជាមួយបងប្អូនអ្នកឃុំ ជាពិសេសក្មួយៗយុវជន ក្រុមយុវជនផែនបរិស្ថាន សិល្បះ និងកីឡា រួមទាំងក្រុមការងារ បានចូលរួមលើកទឹកចិត្តក្មួយៗ ប្អូនៗ ក្រុមកីឡាករបាល់ទាត់វិទ្យាល័យហ៊ុន សែន ត្រពាំងត្នោតតំណាងស្រុកអង្គស្នួលចូលរួមប្រកួតនេះ បាននាំយកភេសជ្ជះរបស់លោក សុខ ចិន្តាសោភា និងថវិការបស់លោក ជា វុទ្ធី ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top