ភ្នំពេញ ៖ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡា ប្រដល់សកលកម្ពុជា និងលោក ខាស៊ី បាណេត អនុប្រធានសហព័ន្ធ កាលពីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ជាបានអញ្ជើញជួបជុំសំណះសំណាល ជាមួយក្រុមជម្រើសជាតិ ប្រដាល់សកល មុនចេញដំណើរទៅហ្វឹកហាត់ នៅកាហ្សាក់ស្ថាន ត្រៀមចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី ៣២ នៅប្រទេសកម្ពុជា នាដើមខែឧសភាខាងមុខនេះ ។

លោក ឆឹង យ៉ៅយ៉េន បានមានប្រសាសន៍ថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ប្រដាល់សកលចំនួន ១៩ នាក់ ទៅហ្វឹកហាត់ នៅប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបង្កើន សមត្ថភាព បច្ចេកទេស និង បទពិសោធន៍បន្ថែម ត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ខាងមុខ ។

លោកបានបន្ថែមទៀតថា ការចេញទៅហ្វឹកហាត់លើកនេះ ដោយមាន ឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES 2023 ។ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១៩ នាក់រួមមានគ្រូបង្វឹក ៣នាក់ និងកីឡាករ-កីឡាការិនី ១៦ នាក់ក្នុងនោះកីឡាករ ១១នាក់ កីឡាការិនី ៥នាក់ ។

ក្រៅពីការផ្តាំផ្ញើ និងផ្តល់អនុសាសន៍ ថ្នាក់ដឹកនាំសហព័ន្ធក៏បានកៀគរថវិកា សម្រាប់ឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិ ដូចខាងក្រោម ៖ លោក ខាស៊ី បាណេត អនុប្រធានសហព័ន្ធឧបត្ថម្ភគ្រូបង្វឹក អន្តរជាតិ កាហ្សាក់ស្ថាន ចំនួន ៤០០០ដុល្លារ គ្រូបង្វឹកថ្នាក់ជាតិ និងកីឡាករ-កីឡាការិនី ២៥០ដុល្លារ ក្នុងនាក់សរុប ៨៥០០ ដុល្លារ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ ១០០០ដុល្លារ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ ៥០០ដុល្លារ ។
ចំណែក លោក ស៊ន អេលីត ៥០០ដុល្លារ លោក មាស សារ៉ាវុឌ្ឍ ៥០០ដុល្លារ លោក វើក សាមឿន ២០០ដុល្លារ លោក មាស វុឌ្ឍី ១០០ដុល្លារ លោក ពេជ្រ សូផែន ៥០ដុល្លារ លោក ប៊ូ បុណ្ណារ៉ា ១០០ដុល្លារ និងលោក ចាន់ សុទ្ធ ៥០ដុល្លារ ៕

