ខេត្តកណ្តាល ៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារ គ្រូបង្វឹក និងកីឡាករក្រុមបាល់ទាត់ យុវជនស្រុកល្វាឯម ត្រៀមប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ការប្រកួតពានរង្វាន់បាល់ទាត់ លោក គង់ សោភ័ណ្ឌ អភិបាល លើកទី២ ឆ្នាំ២០២៣ ។

វគ្គ ៨ ក្រុមចុងក្រោយក្រុមបាល់ទាត់ យុវជនស្រុកល្វាឯម ប៉ះជាមួយក្រុមបាល់ទាត់ យុវជនស្រុកអង្គស្នួល នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល ។
លោកអភិបាលស្រុក បានមានប្រសាសន៍ថា ក្រុមគ្រូបង្វឹក និងកីឡាករត្រូវពង្រឹងស្មារតីក្នុងការប្រកួត ដើម្បីយកជ័យជម្នះ ប្រកួតដោយស្មារតីសាមគ្គីភាព មិត្តភាព និងតម្លាភាពដល់គូរប្រកួត និងគោរពដល់ការសម្រេចចិត្ត របស់អាជ្ញាកណ្តាលដឹកនាំការប្រកួត ។ លោកអភិបាលស្រុក ក៏បានឧត្ថមនូវថវិកាមួយចំនួន សម្ភារៈប្រើប្រាស់ ដូចជាឯកសណ្ឋានប្រកួត និងស្បែកជើងបាល់ទាត់ ដល់កីឡាករទាំង ២២ រូបផងដែរ ។

ក្រុមជើងខ្លាំង ៨ ក្រុមរួមមាន ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម ក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល ក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាល ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកៀនស្វាយ ក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាល ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ ក្រុមបាល់ទាត់ យុវជន ស្រុកអង្គស្នូល និងក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក។
សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាលរួមមាន ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកៀនស្វាយ ប៉ះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ ៕
