កីឡា

ក្រុមជម្រើសជាតិ កីឡាវ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់នៅវៀតណាមត្រៀម SEA GAMES 2023 នៅកម្ពុជា

ភ្នំពេញ៖ក្រោយពីបញ្ចប់ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា រួចមក ក្រុមអត្តពលិកប្រភេទកីឡាវ៉ូវីណាមកម្ពុជាបានចេញ ដំណើរចាកចេញពីកម្ពុជា ទៅបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាម រយៈពេលមួយខែដើម្បីត្រៀមខ្លួនព្រឹត្តការណ៍កីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

សមម្រាប់ដំណើរចេញទៅបោះជំរុំហ្វឹកហាត់នោះ ទទួលបានការជូនដំណើរដល់ព្រំដែនកម្ពុជា-វៀតណាមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាកីឡា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា គ្រូបង្វឹកចំនួន៤រូប និងកីឡាករ កីឡាការិនីចំនួន២៧ រូបនិងធ្វើការហ្វឹកហាត់បង្កើនសម្ថភាព នៅប្រទេសវៀតណាម ដែលជា ប្រទេសម្ចាស់ដើមប្រភេទកីឡាក្បាច់គុនមួយនេះ រហូតដល់មុនបើកថ្ងៃបើកការប្រកួត SEA GAMES 2023 ទើបវិលត្រលប់មកកម្ពុជា ពោលគឺព្រឹត្តការណ៍កីឡា SEA GAMES 2023 លើកទី៣២ និងបើកការប្រកួតនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតតេជោ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអោយដឹងថា សម្រាប់ការចេញដំណើរទៅបោះជំរុំហ្វឹកហាត់រយៈពេលពេញមួយខែ នៅប្រទេសវៀតណាម ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយម វៀតណាមនៅពេលនេះគឺជាផែនការមេរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងការបង្កើនការប្រមូលផ្ដុំ ផ្ដោតតែលើការហ្វឹកហាត់ តាមកាលវិភាពដែលបានកំណត់។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កំណត់គោលដៅប្រជែងយកមេដាយមាសយ៉ាងតិច៩ ក្នុងការប្រកួតកី SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលនិងចូលមកដល់នៅដើមខែឧសភា ឆ្នាំ២០២៣ នេះ ៕ដោយ៖លីភីលីព

Most Popular

To Top