ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីបាល់ទាត់ លើតុចំនួន ៤ ប្រទេសបានណាត់ជួបដើម្បីពង្រឹងសមត្ថភាព និងដកស្រង់បច្ចេកទេស ក្នុងព្រឹត្តិការណ៍ បុរីការប្រកួតកីឡាបាល់ទាត់លើតុឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មុនព្រឹត្តិការណ៍ ការប្រកួតកីឡា Sea Games 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី ៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ។
ក្នុងឱកាស ពិធីបើកព្រឹត្តិការណ៍ បុរីការប្រកួតកីឡាបាល់ទាត់ លើតុឆ្នាំ២០២៣ នៅអគារ ខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ដោយមានការ អញ្ជើញចូលរួម ពីសំណាក់លោក ញ៉ាន សុខវិសាល ទីប្រឹក្សា ក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាងឲ្យលោក វ៉ាត់ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
លោក អន ចិន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធ កីឡាបាល់ទាត់លើតុកម្ពុជាបាននិយាយថា ការប្រកួតកីឡាបាល់ទាត់ លើតុលើកនេះ ដើម្បីពង្រឹងសមត្ថភាព និងដកស្រង់បច្ចេកទេសត្រៀម ព្រឹត្តិការណ៍ការប្រកួតកីឡា Sea Games 2023 លើកទី៣២ ហើយការប្រកួតមានប្រទេសចំនួន ៤ រួមមានប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេស ឥណ្ឌូនេស៊ី ។
លោកអគ្គលេខាធិការរង សហព័ន្ធបានបន្តថា ការប្រកួតលើកដំបូងនេះមាន ៥ វិញ្ញាសាដូចជាវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាគូបុរស វិញ្ញាសាគូនារី និងវិញ្ញាសាចម្រុះបុរស-នារី។កីឡាបាល់ទាត់លើតុ កម្ពុជាដែលជាកីឡាប្រភេទថ្មី ទើបបានដាក់បញ្ចូល ក្នុងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើ ម្ចាស់ផ្ទះ ។
លោក អន ចិន្ត្រាសំរិតបានបន្ថែមទៀតថា យើងត្រូវរួមគ្នា រួបរួម ខិតខំសិក្សា និងខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយព្រឹត្តិការណ៍កីឡាបាល់ទាត់ លើតុរបស់យើង អោយកាន់តែរីក ទូរលំទូលាយឡើង ដល់កម្រិតថ្មីមួយ ហើយខិតខំសម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍។ ទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែង របស់យើងពិតជាសំខាន់ ។
ខ្ញុំជឿជាក់លើរឿងនេះ ហើយមានឆន្ទៈក្នុងការខិតខំ ប្រឹងប្រែងរៀនសូត្រ និងជួយវិស័យ កីឡាបាល់ទាត់លើតុកម្ពុជា ឲ្យឈានទៅកម្រិត ថ្មីមួយ។ ក្រុមជម្រើសជាតិបាល់ទាត់លើតុ យើងនឹងអាចធ្វើបានល្អក្នុងព្រឹត្តិការណ៍ SEA GAMES ខាងមុខ ៕