ខេត្តកណ្តាល៖ក្រុមបាល់ទាត់រដ្ឋបាលសាលាខេត្តកណ្តាល បានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាលនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បន្ទាប់យកឈ្នះលើក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្នុងឱកាសពិធីប្រគល់ជយលាភីដល់ក្រុមកីឡាករ បាល់ទាត់ទំាង ៤ ក្រុមដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទំាងអភិបាលក្រុង-ស្រុកទំាង ១១ និងប្រធានមន្ទីរ ស្នងការ ស្នងការខេត្តកណ្តាល។
ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ គ្រងតំណែងជើងឯករង និងទទួលបានពានក្រុមល្អប្រកបដោយក្រមសីលធម៌ ក្រោយចាញ់ក្រុមបាល់ទាត់រដ្ឋបាល សាលាខេត្តកណ្តាលនៅវគ្គផ្តាច់ព្រ័ត្រ ចំណែកក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល ជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម ជាប់ចំណាត់ថ្នាក់លេខ ៤។
ការប្រកួតបាល់ទាត់ពាន់រង្វាន់លោកអភិបាលខេត្ត បានចាប់ផ្ដើមប្រកួតនៅថ្ងៃទី៣ ខែមីនារហូតដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ នៅកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការប្រកួតឆ្នាំទី២នេះ មានក្រុមកីឡាករបាល់ទាត់១៩ ក្រុម ដោយមានមន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជន ក្នុងខេត្តកណ្តាល។
ក្រុមកីឡាករទំាំង១៩ក្រុមធ្វើការប្រកួតប្រកបដោយក្រមយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឲ្យមានតម្លាភាព រក្សាបាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យ ដើម្បីមុខមាត់ខេត្តយើងទាំងអស់គ្នា៕ដោយ៖លី ភីលីព





