ភ្នំពេញ ៖ វីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី បានធ្វើការហ្វឹកហាត់ យ៉ាងសកម្មភាព ជារៀងរាល់ ថ្ងៃនៅសាលហ្វឹកហាត់ ក្នុងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាដើម្បីត្រៀម ចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជាផ្លូវការ នៅថ្ងៃទី៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។

វីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី បាននិយាយថា ខ្ញុំចូលរួមធ្លាប់ចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES ដណ្តើមមេដាយទំាង ៤ លើករួមមានសម្រាប់មេដាយសំរឹទ្ធ ១គ្រឿង SEA GAMES លើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ីមេដាយមាស ១គ្រឿង SEA GAMES លើកទី២៧ ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា។

ចំណែកមេដាយមាស ១ គ្រឿង SEA GAMES លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី និងមេដាយមាស ១គ្រឿងទៀត គឺ SEA GAMES លើកទី៣០ នៅប្រទេសហ្វីលីពីន ។ ក្រៅពី SEA GAMES កីឡាការិនី ស៊ន សៀវម៉ី ក៏ធ្លាប់សាងប្រវត្តិសាស្រ្ដដ៏ធំជូនជាតិ ដោយយកបានមេដាយមាស ជាលើកដំបូង ឲ្យកម្ពុជា នៅកីឡាទ្វីបអាស៊ី ឬ Asian Games កាលពីឆ្នាំ២០១៤ ក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។

មុនព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2023 លើកទី៣២ ចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ វីរកីឡាការិនី ស៊ន សៀវម៉ី ក៏បានតាំងចិត្ត នឹងព្យាយាម ឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើម មេដាយមាស និងធ្វើឲ្យទង់ជាតិកម្ពុជាឈរខ្ពស់ នៅលើកឆាកប្រកួតលើកទី៣២នេះ នៅលើទឹកដីរបស់ខ្លួន៕



