សៀមរាប៖ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងថា ការបោះជំរុំហ្វឹកហាត់មុនស៊ីហ្គេម មានគោលដៅចង់ឲ្យកីឡាករការិនី រួមស្មារតីតែមួយឆ្ពោះទៅរកជ័យជំនះ ស៊ីហ្គេមលើកទី៣២។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែង បញ្ជាក់ នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣នេះថា កក្តាដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានដឹកនាំកីឡាករកីឡាការិនីជម្រើសជាតិ មកបោះជំរុំហ្វឹកហាត់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល៤ថ្ងៃមុននឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចូលមកដល់នេះ គឺមានគោលដៅចង់ឲ្យ កីឡាករកីឡាការនីនៅក្នុងស្រុក និងកីឡាករកីឡាការិនីឈាមជ័យកូនខ្មែរ នៅក្រៅប្រទេសបានយល់ចិត្តគ្នា និងក្លាយជាខ្លួនតែមួយរួមស្មារតីតែមួយ ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ស្មារតីស៊ីហ្គេមមិនមែនជារឿងសាមញ្ញនោះទេ ព្រោះជាការប្រកួតតំណាងប្រទេស។ ដូចច្នោះកីឡាករកីឡាការិនី ទាំងអស់ត្រូវមានសាមគ្គីភាព ចេះស្រលាញ់រួមគ្នា ព្រោះការប្រកួតក៏មានវិញ្ញាសាជាក្រុម សម្រាប់ប្រកួតប្រជែងដណ្តើមមេដាយផងដែរ។
សូមបញ្ជាក់ថា កម្មវិធីបោះជំរុំនេះមានរយៈពេល ៤ថ្ងៃ ក្នុងនោះសហព័ន្ធបានធ្វើតេសសម្ថភាពទៅលើកីឡាករកីឡាការិនី ដើម្បីធ្វើការជម្រុះចេញកីឡាករ ដែលសហព័ន្ធមើលឃើញថា សមត្ថភាពមិនទាន់គ្រប់គ្រាន់ ដោយចំរាញ់យកកីឡាករសមត្ថភាព៥រូប និងកីឡាការិនី ៥រូបប៉ុណ្ណោះចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖លី ភីលីព




