ភ្នំពេញ៖នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយចំនួន ៩ គ្រឿងនៃ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ។

សម្រាប់មេដាយទំាង ៩ គ្រឿងរួមមានមេដាយមាស ៥ គ្រឿង និងប្រាក់៤គ្រឿងទៅលើប្រភេទកីឡាជឺជីតស៊ូ និងប្រភេទកីឡាគុនល្បុក្កតោ ចំពោះប្រភេទកីឡាជឺជីតស៊ូឈ្នះមេដាយមាស ១ គ្រឿងបានទៅលើវិញ្ញាសាសម្តែងបុរស ២ នាក់ទល់នឹង ២ នាក់ មេដាយប្រាក់១ គ្រឿបានទៅលើវិញ្ញាសាសម្តែងនារី ២ នាក់ទល់នឹង ២ នាក់ និងមេដាយប្រាក់១ គ្រឿបានទៅលើវិញ្ញាសាប្រយុទ្ធឯកត្តជននារី។ ចំណែកប្រភេទកីឡាគុនល្បុក្កតោឈ្នះមេដាយមាស ៤ គ្រឿង ឈ្នះមេដាយប្រាក់ ២ គ្រឿង។

រីឯប្រទេសហ្វីលីពីនឈរចំណាត់ថ្នាក់លេខ ២ ដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ប្រទេសថៃឈរចំណាត់ថ្នាក់លេខ ៣ ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងប្រទេសឡាវឈរចំណាត់ថ្នាក់លេខ ៤ ដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង៕ដោយ៖លី ភីលីព



