ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi ចេញសារវីដេអូសុំទោសអ្នកគាំទ្រក្លឹប Paris Saint-Germain កាលពីថ្ងៃសុក្រកន្លងទៅ
ក្រោយពេលដែលក្លឹបយក្សបារាំងមួយនេះដាក់ពិន័យព្យួរជើង Messi រយៈពេល ២សប្ដាហ៍។
ការព្យួរជើងនេះគឺកាត់ប្រាក់ឈ្នួល និងហាមមិនឱ្យ Messi ចូលហាត់ និងចូលលេងជាមួយ PSG រយៈពេល ២សប្ដាហ៍។ ចំណាត់ការនេះកើតឡើងក្រោយពេលដែល Messi ហោះទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមិនទទួលបានការអនុញ្ញាតពីក្លឹប។
ឆ្លើយតបនឹងរឿងនេះដែរ Messi ចេញសារសុំទោសមួយទៅកាន់អ្នកគាំទ្រ PSG។
ក្នុងវីដេអូរយៈពេលប្រមាណ ៤០វិនាទី Messi បាននិយាយក្នុងភាសាអេស្ប៉ាញថា ខ្លួនសុំទោសចំពោះការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយបន្ថែមថា ខ្លួនមិនគួរធ្វើបែបនេះទេ។
Messi ជាទូតសុច្ឆន្ទៈក្នុងការលើកកម្ពស់ ទេសចរណ៍របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយការធ្វើដំណើរទៅកាន់ប្រទេសមជ្ឈិមបូព៌ានេះកាលពីសប្ដាហ៍មុន ជាផ្នែកមួយនៃការងារទូតសុច្ឆន្ទៈនេះ៕ ប្រភព៖Sabay