ភ្នំពេញ៖ ប្រភេទកីឡាវ៉ូវីណាម នៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជាស្ថាពរហើយ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និបាត និងពិព័រណ៍អន្តរជាតិចង្វារ (OCIC) ដោយម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយច្រើនជាងគេ និងឈរលេខ១លើកំពូលតារាងមេដាយ ក្នុងចំណោម៧ប្រទេសដែលបានចូលរួម។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីដំណើរការប្រកួតយ៉ាងសកម្មអស់រយៈពេល៤ថ្ងៃ ប្រភេទកីឡាវ៉ូវីណាមបានបញ្ចប់ដោយជោគជ័យលើវិញ្ញាសរុបចំនួន៣០ ស្មើនឹង៣០មេដាយមាស ដោយម្ចាស់ផ្ទះកម្ពុជា ឈរលើកំពូលតារាងមេដាយសរុប២៧គ្រឿង ក្នុងនោះមេដាយមាស១០គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរឹទ្ធ៩គ្រឿង។
ចំពោះចំណាត់ថ្នាក់លេខ២ គ្រប់គ្រងដោយប្រទេសវៀតណាម សរុប២០គ្រឿង ក្នុងនោះមេដាយមាស៧ ប្រាក់១២ និងសំរឹទ្ធ១ ខណៈថៃ ឈរលេខ៣ ទទួលបានមេដាយសរុប ១៦ ក្នុងនោះមាស ៥ ប្រាក់៣ និងសំរឹទ្ធ៨។ ចំពោះមីយ៉ាន់ម៉ា មេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ១៧ (សរុប ២៤គ្រឿង) ស្របពេលដែលឥណ្ឌូណេស៊ី មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១៤ (សរុប១៨គ្រឿង)។
រីឯឡាវ មាស១ ប្រាក់១ និងសំរឹទ្ធ៥ ខណៈហ្វីលីពីន មិនទទួលបានមេដាយមាសឡើយ ដោយបានត្រឹមមេដាយប្រាក់២ និងសំរឹទ្ធ៦។
បើយោងលើសន្ទស្សន៍មេដាយមាស របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលបានដាក់ចេញជាគោលដៅ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាម២០២៣ (CAMSOC) បានកំណត់នូវមេដាយមាសចំនួន៩គ្រឿង ប៉ុន្តែឆ្លងកាត់សមិទ្ធផលនេះ សហព័ន្ធវ៉ូវីណាមកម្ពុជា បានសម្រេចជាលទ្ធផលមេដាយមាសចំនួន ១០គ្រឿង សម្រាប់ជាតិមាតុភូមិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕







