កីឡា

Ronaldo ចង់​លា​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​មក​លេង​នៅ​អឺរ៉ុប

Cristiano Ronaldo ចង់​ចេញ​ពី​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr ដើម្បី​ត្រលប់​មក​លេង​នៅ​អឺរ៉ុប​វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Mundo Deportivo។

បើ​តាម​ប្រភព​ដដែលRonaldo យល់​ឃើញ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ផ្សេងៗ​របស់​អារ៉ាប៊ីសាអ៊ូឌីត​នៅ​មាន​កម្រិត ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ចង់​ចាក​ចេញ​ពី​ក្លឹប Al-Nassr។ Mundo Deportivo បាន​លើក​ឡើង​ទៀត​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ ៣៨ ឆ្នាំ ចង់​ត្រលប់​មក​លេង​នៅ​អឺរ៉ុប​វិញ តែ​ក៏​មិន​ទាត់​ចោល​ដែរ​ចំពោះ​ជម្រើស​ផ្សេងៗ​ទៀត​ក្រៅ​ពី​អឺរ៉ុប។

ទោះ​ជា​យ៉ាង​ណា គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ណា​មួយ​ដែល​អាច​អះអាង​ថា​ក្លឹប​ណា​នៅ​អឺរ៉ុប ឬ​ក្រៅ​អឺរ៉ុប ដែល​ Ronaldo ចង់​ទៅ​រួមរស់​ជាមួយ​បន្ទាប់​ពី​ចេញ​ពី Al-Nassr។

Ronaldo បាន​បញ្ចប់​កុងត្រា​ជាមួយ Manchester United កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ មួយ​ខែ​ក្រោយ​មក កីឡាករ​បាន​សម្រេច​មក​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ទទួល​បាន​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​ពលកម្ម​ដល់​ទៅ ២១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

Ronaldo លេង​ឲ្យ Al-Nassr បាន ១៧ ប្រកួត និង​ស៊ុត​ចូល ១៣ គ្រាប់ គិត​មក​ទល់​ពេល​នេះ៕

Most Popular

To Top