កីឡា

ក្រុមយុវជន សង្កាត់ព្រែកអំបិល គ្រងតំណែជើងឯក ការប្រកួតយុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ២០២៣

ស្រុកខ្សាច់កណ្ដាល៖ ក្រុមបាល់ទាត់យុវជន សង្កាត់ព្រែកអំបិល បានគ្រងតំណែជើងឯកនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់យុវជន សង្កាត់ព្រែកលួងក្នុងលទ្ធផលបច្ចេកទេស ២ទល់នឹង ១ នៅវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតនេះរៀបចំដោយអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល។

ក្នុងឱកាសពិធីបិទការប្រកួតជាផ្លូវការនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។

ចំពោះក្រុមបាល់ទាត់យុវជន សង្កាត់ព្រែកអំបិល បានគ្រងតំណែជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៦ លានរៀល ក្រុមបាល់ទាត់យុវជន សង្កាត់ព្រែកលួងជើងឯករង ទទួលបានប្រាក់រង្វាន់ចំនួន ៤ លានរៀល ក្រុមបាល់ទាត់យុវជន ឃុំពុកឬស្សី ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៣ លានរៀល និងក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ ជាប់ចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ចំនួន ១ លានរៀល ចំណែក ១៤ ក្រុមមិនទទួលបានចំណាត់ថ្នាក់ទទួលបានប្រាក់រង្វាន់ចំនួន ៥០ម៉ឺមរៀលក្នុងមួយក្រុម។

លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង១៨ក្រុម សរុបចំនួន ៧៥០ នាក់៕

កម្មវិធីប្រកួតកីឡាបាល់ទាត់នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នៅទីលានបាត់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ដោយមានក្រុមកីឡាចូលរួមប្រកួតចំនួន ១៨ ក្រុម និងមានកីឡាករសរុបចំនួន ៤៥០ នាក់ ដែលសុទ្ធសឹងជាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្ដាល។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញណែនាំដល់ក្រុមការងារ ឲ្យរៀបចំបង្កើតក្រុមកីឡាយុវជននៅឃុំទាំង១៨ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួតដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡា នៅស្រុកខ្សាច់កណ្ដាលឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាសសប្បាយរីករាយទៀតផង។

លោក បណ្ឌិត បន្ថែមថា ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកសាងនូវសមិទ្ធផលដ៏ធំស្គឹមស្កៃមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺពហុកីឡដ្ឋានជាតិមរតកតេជោដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។

កម្ពុជាដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនឹងរៀបចំការប្រកួតកីឡា SEA Games បានបញ្ចប់ដោយទទួលបានផ្លែផ្កាល្អបំផុត និង ASEAN Para Games នៅឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោចាប់ផ្តើមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិត កៅ ថាច បានប្រកាសជាផ្លូវការថា ឆ្នាំក្រោយ យើងដាក់កីឡាជាច្រើនប្រភេទក្នុងការប្រកួតបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដូចជាកីឡាបាល់ទាត់ បាល់ទះ និងកីឡាផ្សេងៗនៅក្នុងស្រុកខ្សាច់កណ្តាល និងកោតសរសើរដល់កីឡាករទាំងអស់ គោរពតាមលក្ខន្តិកៈនៃការប្រកួត ស្តាប់អាជ្ញាកណ្តាល និងត្រូវចេះអត់ឱនអធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមកក្នុងពេលប្រកួតបានល្អ និងធ្វើឲ្យកម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕ ដោយ៖លី ភីលីព

Most Popular

To Top