កីឡា

បិទការប្រកួតបាល់ទាត់​ វិលជុំកុមារ និងយុវជន AIA – ISF Youth League នាកីឡដ្ឋាន AIA Stadium ដើម្បីលើកកម្ពស់សិទ្ធិកុមារ តាមរយៈការលេងកីឡា

ភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League កំពុងតែឈានចូលមកដល់ និង ប្រព្រឹត្តនៅកីឡដ្ឋាន AIA Stadium, KMH Park នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាករ-កីឡាការិនី សរុបចំនួន ១៨០នាក់ មកពី ១២ ក្រុមតាមប្រភេទអាយុ ដូចជាកុមារាកុមារីអាយុក្រោម ១០ឆ្នាំ កុមារាកុមារីអាយុក្រោម ១៤ឆ្នាំ កុមារាអាយុ ក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើមនឹងមកជួបជុំគ្នាប្រកួតប្រជែង ដណ្តើមយកជ័យលាភី លេខមួយ និងលេខពីរ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះត្រូវបានផ្តួចផ្តើមរៀប ចំឡើយដោយអង្គការផ្កាយសមុទ្រ (ISF) ក្រោមកិច្ចសហការយ៉ាងជិតស្និត ជាមួយនឹងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ។ ក្នុងឆ្នាំនេះទៀតសោត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League បានផ្តល់ឱកាសលេងកីឡាដល់កុមារកម្ពុជាក្រីក្រជាង ១,៥០០នាក់ ដោយជួយឲ្យពួកគេអាចរកឃើញក្តីស្រមៃក្នុងជីវិត និងពង្រឹងជំនាញផ្សេងៗនៅលើទី លានផងដែរ ។ ការប្រកួតបាល់ទាត់វិលជុំមួយនេះ គឺជាពន្លកនៃក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជាជាច្រើន ដែលបាត់បង់ឱកាសដោយជួយពួកគេសម្រេច បំណងប្រាថ្នារបស់ខ្លួន និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងជីវិត ។

ដោយមានគោលបំណងស្នូល គឺផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាក្រីក្រក្នុងការលេងកីឡា ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នឹងនាំកីឡាករ- កីឡាការិនី ទាំងអស់មកពីសហគមន៍នានា ជុំវិញរាជធានីភ្នំពេញមកប្រមូលផ្តុំគ្នាប្រកួតប្រជែង ។ កីឡាករកីឡាការិនី ដ៏មានទេពកោសល្យ និងពោរពេញដោយទឹកចិត្ត ស្រលាញ់កីឡាយ៉ាងជ្រាលជ្រៅ ទាំងនេះនឹងបង្ហាញ ពីភាពប៉ិនប្រសប់ ការធ្វើការងារ ជាក្រុម និងឆន្ទៈមោះមុត ដែលរំលេចឲ្យយើង ឃើញកាន់តែច្បាស់ពីសក្តានុពលនៃកីឡាក្នុងការផ្លាស់ប្តូរជីវិត ។

អ្នកស្រី ជួប វិច្ឆិកា ជានាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ ខ្លួនក៏ដូចជាពន្យល់ ពីសារសំខាន់ នៃកម្មវិធីប្រកួតបាល់ទាត់វិលជុំនេះថា ពួកយើងពិតជាមានកិត្តិយសយ៉ាងធំធេងបានរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជននេះឡើង និងជាពិសេសបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតកុមារ និងយុវជនជាកីឡាករកីឡាការិនីទាំងអស់នេះ ។ ការប្រកួតនេះមិនត្រឹមតែបានផ្តល់ឱកាសឲ្យកុមារ និងយុវជនពង្រឹងជំនាញបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបានជួយពួកគេក្នុងការអភិវឌ្ឍជំនាញធ្វើការងារជាក្រុម មានភាពធន់ទ្រាំ និងការតាំងចិត្ត ខ្ពស់ទៀតផង ។ អង្គការផ្កាយសមុទ្រ មានមោទនភាពណាស់ ដែលបានជួយគាំទ្រដល់កុមារ និង យុវជនក្រីក្រជាច្រើន និងបានមើលឃើញ ពីភាពរីកចម្រើនរបស់ពួកគេទាំងក្នុង និងក្រៅទីលាន ។

ក្រុមជើងខ្លាំងឈ្នះប្រចាំរាជធានីភ្នំពេញ និងខេត្តកំពង់ធំនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ប្រចាំឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដោយមានការចូលរួមពី កីឡាករកីឡាការិនី ដ៏មានទេពកោសល្យជាច្រើន មកពីតំបន់នានាក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ និងមកប្រកួតដណ្តើមយកជ័យជំនះនៅកីឡដ្ឋាន AIA Stadium, KMH Park ។ ការប្រកួតបាល់ទាត់វិល ជុំដ៏ធំគឺនេះជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប្រចាំឆ្នាំ និងកាន់តែពិសេសទៀតនោះគឺវាជាឱកាសដ៏វិសេស វិសាលសម្រាប់កុមារ និងយុវជនក្រីក្រក្នុងការបង្ហាញពីភាពបិុនប្រសប់ និង ការតស៊ូព្យាយាមរបស់ ពួកគេ ។

សូមចូលរួមទស្សនាព្រឹត្តិការណ៍ បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឲ្យបានច្រើនកុះករណា៎ ។ សម្រាប់ព័ត៌មានលម្អិតទាក់ទង នឹងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League និងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship សូមទំនាក់ទំនងមកកាន់លោក យិន សាមឌី ប្រធាន កម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ sy@isfcambodia.org ៕

Most Popular

To Top