កីឡា

បើកការប្រកួត បាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នៅក្រុងសៀមរាប ដើម្បីបង្កើនលទ្ធភាព ចូលរួមរបស់កីឡាករ-កីឡាការនី

សៀមរាប៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទី៤នៅក្រុងសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៨ ខែឧសភា នៅទីលានបាល់ទាត់ហនុមាន បានប្រកាសបើកជាផ្លូវការហើយ ក្រោមការសហការ រវាងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) និងក្រុមហ៊ុន AIA Cambodia ដើម្បីអភិឌ្ឍន និងបង្កើនសមត្ថភាពក្រុមកីឡាករ-កីឡាការិនី បាល់ទាត់តាមបណ្តាខេត្ត។

ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF គឺជាព្រឹត្តិការណ៍ប្រកួតវិលជុំ ថ្នាក់សហគមន៍ដ៏ធំបង្អស់មួយ នៅកម្ពុជាដោយផ្តល់ឱកាសដល់កុមារា កុមារី និងយុវជនក្រីក្រ ឲ្យលេងកីឡាបាល់ទាត់ ក្នុងបរិស្ថានមួយមានសុវត្ថិភាព។ ឱកាសសម្រាប់កុមារ និងយុវជនសម្រាប់ប្រកួតប្រជែងកីឡា គឺពិតជាកម្រខ្លាំងណាស់ ដែលជាហេតុធ្វើ ឲ្យពួកគេត្រូវធ្វើដំណើរជាងប្រាំបីម៉ោង ពីខេត្តនានា ដើម្បីមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡារបស់ អង្គការផ្កាយសមុទ្រកម្ពុជា នៅរាជធានីភ្នំពេញ ។

ដោយមើលឃើញនូវឧបសគ្គផ្សេងៗ ដែលរារាំងដល់ការចូលរួមរបស់កុមារ និងយុវជនក្នុងសកម្មភាពកីឡា អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បានរួមគ្នាប្តេជ្ញាចិត្តបង្កើនលទ្ធភាព ចូលរួមរបស់កុមារ និងយុវជននៅទូទាំងប្រទេស ។

កីឡាការិនី អារាណា សុខ អាយុ១៦ឆ្នាំមកពីក្រុមកុមារី អាយុក្រោម១៨ឆ្នាំ របស់សាលា Stepping Stone កម្ពុជា ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា នាងខ្ញុំពិតជារីករាយ និងរំភើបយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF នឹងប្រព្រឹត្តនៅក្រុងសៀមរាបឆ្នាំនេះ ។ ពួកយើង [សាលា Stepping Stone កម្ពុជា] កំពុងធ្វើការហ្វឹកហាត់ យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ ។ ការទទួលបានឱកាសចូលរួមលេងកីឡា ដូចជាក្នុងការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF បែបនេះគឺពិតជាល្អ និងសំខាន់ខ្លាំងណាស់ ។

ឆ្នាំ២០២២ គឺជាឆ្នាំដំបូងបង្អស់ហើយ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រៀបចំព្រឹត្តិការណ៍ប្រកួតវិលជុំ ចំនួនប្រាំលើកទូទាំងខេត្តទាំងបួន ដែលនាំយកឱកាសចូលរួមលេង កីឡាទៅដល់កុមារ និងយុវជនជិត ២,០០០នាក់នៅរាជធានីភ្នំពេញ ក្រុងកំពត ក្រុងសៀមរាប និងខេត្ត កំពង់ស្ពឺជាដើម ។

ក្រុម ដែលឈ្នះក្នុងការប្រកួត រយៈពេលប្រាំបួនសប្តាហ៍នេះ នឹងត្រូវមកចូលរួមប្រកួតប្រជែង ក្នុងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅទីលានបាល់ទាត់អង្គការ ផ្កាយសមុទ្រកម្ពុជា នៅរាជធានីភ្នំពេញ ។ សូមលោកអ្នកចូលរួម ទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នេះកុំបីអាក់ខានឡើយ ៕ ដោយ៖លី ភីលីព

Most Popular

To Top