ភ្នំពេញ៖នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអគ្គលេខាធិការរងនៃគណៈកម្មការៀរបចំការប្រកួតកីឡាSEA GAMES (CAMSOC និងCAMAGOC បានអញ្ជើញចុះពិនិត្យទីលានព្រឹត្តការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក អ៊ុក សិទ្ធិជាតិបានដឹកនាំ ក្រុមការងារបច្ចេកទេសរៀបចំ ទីលានព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពិនិត្យ និងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា មជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង Naga World II ។
ព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ក្នុងនោះមានកីឡាករ-កីឡាការិនីកម្ពុជាយើងចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម ប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិយើង៕ដោយ៖លី ភីលីព





