ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ដល់ក្រុមកីឡាការិនីបាល់បោះ ជិះរទេះកម្ពុជា ឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីថៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ។

សកម្មភាព នៃការប្រកួតវិញ្ញាសាបាល់បោះនារីជិះរទេះ ៣ទល់៣ វគ្គដណ្តើមមេដាយមាស រវាងក្រុមកីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងក្រុមកីឡាការិនីថៃ ដោយម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាស បន្ទាប់ពីផ្តួលថៃ ដោយលទ្ធផល ១១ ទល់ ៩ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ។

ព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និង ប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ក្នុងនោះមានកីឡាករ-កីឡាការិនីកម្ពុជាយើង ចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិយើង ៕










