កីឡា

ការប្រកួតបាល់ទាត់កុមារ និងយុវជនវិលជុំពាន់រង្វាន់ AIA-ISF Grand Championship បញ្ចប់ដោយផ្លែផ្កាល្អប្រសើរ

ភ្នំពេញ ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship បានបង្ហាញពីសារសំខាន់ដ៏ធំ នៃការប្រកួតបាល់ទាត់វិលជុំថ្នាក់សហគមន៍ ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសដល់កុមារ និងយុវជនដែលជួបការខ្វះខាត ជាច្រើនដើម្បីបង្ហាញពីភាពប៉ិនប្រសប់ និងការតស៊ូខិតខំប្រឹងប្រែងជំនះឧបសគ្គរៀងៗខ្លួននៅកីឡដ្ឋាន AIA Stadium, KMH Park បានបញ្ចប់ដោយជោគជ័យ។

ការប្រកួតបាល់ទាត់វិលជុំប្រចាំឆ្នាំនេះត្រូវបាន ផ្តួចផ្តើមរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ (ISF) ដោយមានការឧបត្ថម្ភ និងជ្រោមជ្រែងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងមានគោលបំណងនាំយកឱកាសប្រកួតប្រជែងកីឡាទៅដល់កុមារ និងយុវជនទូទាំងប្រទេស ក៏ដូចជាជួយលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសហគមន៍។

កម្មវិធីបាល់ទាត់វគ្គផ្តាច់ព្រ័ត្រនេះទៀតសោត មានកីឡាករ កីឡាការនីចូលរួមសរុបចំនួន ១៤៤នាក់ មកពី១២ក្រុមសុទ្ធសឹងតែជាក្រុមឈ្នះ ក្នុងការប្រកួតវិលជុំប្រចាំរាជធានីភ្នំពេញ និងខេត្តកំពង់ធំដូចជា កុមារា និងកុមារី អាយុក្រោម ១០ឆ្នាំ កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំកុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុ ក្រោម១៨ឆ្នាំជាដើម នឹងមកជួបជុំគ្នាប្រកួតប្រជែងដណ្តើមយកជ័យលាភីលេខ១ និងលេខ២ ។

នាព្រឹត្តិការណ៍ប្រកួតថ្ងៃនោះ កីឡដ្ឋាន AIA Stadium ក៏បានប្រែខ្លួនទៅជាឆាកពន្លក នៃក្តីសង្ឃឹមស្វាគមន៍កីឡាករ-កីឡាការនីដែលជួបការខ្វះខាត មកបញ្ចេញទេពកោសល្យជាជំហានបោះទៅចាប់យកក្តីស្រមៃ ។

បន្ថែមពីការប្រកួតដ៏ស្វិតស្វាញ រវាងក្រុមអ្នកឈ្នះនៅតាមតំបន់ដណ្តើមជើងឯកប្រចាំឆ្នាំ២០ ២៣ ក្រុមកីឡាករ-កីឡាការនីក៏បានសាបព្រោះកាយវិការ ភាពជាអ្នកកីឡាពេញទីលានតាមរយៈការធ្វើការជាក្រុម ការលើកទឹកចិត្តគ្នា សុជីវធម៌ និងភាពស្មោះត្រង់ ។

ទាំងនេះជាផ្លែផ្កា នៃកម្មវិធីបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League បានបង្ហាញឲ្យទស្សនិកជនឃើញអំពីសារសំខាន់ នៃកីឡាបាល់ទាត់នាំមក នូវទាំងសុខភាពល្អ និងផលវិជ្ជមានក្នុងសង្គម ។

អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រ ពួកយើងជឿលើសារសំខាន់ នៃជួយពង្រឹងទេពកោសល្យកុមារ និងយុវជនក៏ដូចជាអភិវឌ្ឍសហគមន៍ក្រីក្រ តាមរយៈព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship ពួកយើងផ្តោតសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រដល់កុមារ និងយុវជនក្រីក្រ ដោយ ផ្តល់ឱកាសដល់ពួកគេ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតផ្តាច់ព្រ័ត្រដ៏ធំ ។

អង្គការផ្កាយ សមុទ្រជឿជាក់យ៉ាងមុតមាំចំពោះសក្តានុពល នៃកីឡាក្នុងការផ្លាស់ប្តូរដ៏វិជ្ជមាន និងកសាងអនាគតដ៏ ត្រចះត្រចង់សម្រាប់កុមារ និងយុវជនកម្ពុជាគ្រប់រូប ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ (ISF) នឹងនៅតែបន្តប្តេជ្ញាចិត្តជួយគាំទ្រដល់ការអភិវឌ្ឍ កីឡាថ្នាក់សហគមន៍ក្នុងប្រទេសកម្ពុជា ។

បន្ថែមពី នេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាដ៏មោះមុតក្នុងការរួមចំណែកជួយដល់កុមារ និង យុវជនក្រីក្រឲ្យមានឱកាសអភិវឌ្ឍខ្លួនទាំងក្នុង និងក្រៅទីលានប្រកួត ។

កម្មវិធីប្រកួតនេះទៀតសោតក៏ បានរំលេចឲ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា របស់ស្ថាប័នទាំងពីរក្នុងការកសាងសហគមន៍រឹងមាំ និង លើកកម្ពស់វប្បធម៌ ធ្វើការងារជាក្រុម គោរពវិន័យ និងតស៊ូធន់ទ្រាំជាដើម ។

កីឡាករ ខេមរា មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ការប្រកួតវិលជុំកុមារ និងយុវជន AIA – ISF Youth League បានផ្តល់ឱកាសដល់ខ្ញុំឲ្យរកឃើញពីភាពខ្លាំង របស់ខ្ញុំក្នុងវិស័យបាល់ទាត់ទាំងនៅក្នុង និងក្រៅទីលាន ។

នៅលើទីលានបាល់ទាត់បានបង្រៀនខ្ញុំពីសារសំខាន់ នៃការធ្វើការងារជាក្រុម ការតស៊ូអត់ធ្មត់ និងការគោរពវិន័យទៀតផង។

ឱកាសមួយនេះបានធ្វើជួយឲ្យខ្ញុំស្វែងរកឃើញក្តីស្រមៃក្នុងជីវិត ជាពិសេសរៀនលះបង់កម្លាំងកាយចិត្តធ្វើអ្វីល្អៗសម្រាប់ សង្គមផងដែរ ។

កីឡាកររូបនេះបានបន្តថា នៅខាងក្រៅទីលានវិញនោះ កីឡាបាល់ទាត់ផ្តល់ឱកាសកាន់តែច្រើនថែមទៀតដល់ខ្ញុំ ។

ឱកាសទាំងនោះមានដូចជាការជួបមនុស្សថ្មីៗ រាប់អានមិត្តភក្តិច្រើន និងរួមចំណែកជួយដល់សហគមន៍ ។

បាល់ទាត់បានបង្រៀនដល់ខ្ញុំថា មិនថាយើងមកពីទីកន្លែងណាក៏ដោយ យើងពិតជាអាច ជំនះរាល់ឧបសគ្គក្នុងជីវិត និងសម្រេចក្តីស្រមៃរបស់ខ្លួនបាន ។

កីឡាករ ខេមរា បានបន្ថែមថា វាបានផ្តល់ឲ្យខ្ញុំនូវក្តីសង្ឃឹម ទំនុកចិត្ត និងជំនឿចិត្តលើសក្តានុពលរបស់ខ្លួន ។

ខ្ញុំពិតជារំភើបរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបាន ផ្តល់ឱកាសដល់កុមារ និងយុវជនក្រីក្រ ដើម្បីអភិវឌ្ឍខ្លួនទាំងក្នុង និងក្រៅវិស័យកីឡា៕ ដោយ៖លី ភីលីព

Most Popular

To Top