ភ្នំពេញ ៖ កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ដណ្តើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់កម្រិតពិភពលោក លើកទី ២ ឆ្នាំ២០២៣ “Beach Wrestling World Series” នៅប្រទេសសឹង្ហបុរី បន្ទាប់ពីចាញ់ កីឡាការិនីចំបាប់ Romania នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៣។
លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកបាននិយាយថា មុននឹងកីឡាការិនី ឌិត សំណាង ទទួលបានមេដាយប្រាក់លើប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាមនោះ ការប្រកួតដំបូងបានយកឈ្នះកីឡាការិនី Kenya 🇰🇪 ឈ្នះកីឡាការិនី France និងឈ្នះកីឡាការិនី Spain ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាការិនី ឌិត សំណាង បានយកឈ្នះកីឡាការិនីចិន ចុងក្រោយកីឡាការិនី ឌិត សំណាង ចាញ់ កីឡាការិនី Romania ទទួលបានមេដាយប្រាក់។
លោកគ្រូបានបន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់កម្រិតពិភពលោក លើកទី ២ ឆ្នាំ២០២៣ “Beach Wrestling World Series” នៅប្រទេសសឹង្ហបុរី បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៥ នាក់ដែលនឹងរៀបចំនៅប្រទេសសឹង្ហបុរី ពីថ្ងៃទី៩ និងទី១១ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកួតខាងលើកនេះមាន ៣៧ ប្រភេទដែលមានកីឡាករ-កីឡាការិនីសរុបទំាងអស់ចំនួន ១៣០ នាក់ ចំណែកកីឡាករ-កីឡាការិនី ៥នាក់រួមមាន កីឡាការិនី ឌិត សំណាង ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម កីឡាការិនី សឿន នឿន ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម កីឡាករ ឈឿន ឈាង ប្រភេទទម្ងន់ក្រោម ៧០ គីឡូក្រាម កីឡាករ ឆាំ ពិស៊ិន ប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម និងកីឡាករ ហេង វុទ្ធី ប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម ៕ ដោយ៖លី ភីលីព




