ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីចំនួន ៣៣៣ នាក់ ក្នុងនោះគ្រូបង្វឹកចំនួន ២៥ នាក់មកពី ២៥ ក្លិប បានចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ដែលមានរហ័សនាមថា “ Korean Ambassador’s Cup Taekwondo Competition 2023” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ខេមរសហព័ន្ធតេក្វាន់ដូប្រកាសរៀបចំ ។

ការប្រកួតធ្វើឡើងក្រោមការ សហការរវាងខេមរសហព័ន្ធតេក្វាន់ដូ និងស្ថានទូតសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការអភិឌ្ឍន វិស័យកីឡាតេក្វាន់ដូ WT នៅទូទាំងប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលើកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់ក្រោយ ក្លាយជាអត្តពលិកឆ្នើម របស់កម្ពុជា ។

សម្រាប់ការប្រកួត“ Korean Ambassador’s Cup Taekwondo Competition” ឆ្នាំនេះមានកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៣៣៣នាក់ និង២៥ ក្លិបមកពី ៤ រាជធានីខេត្តរួមមានរាជាធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបូង ចំពោះរាជាធានីភ្នំពេញចំនួន ២១ ក្លិប ខេត្តកណ្តាល ២ ក្លិប ខេត្តសៀមរាប និងខេត្តបាត់ដំបូង ១ក្លិបដូចគ្នា។

សម្រាប់ការ ប្រកួតឆ្នាំនេះ ខេមរសហព័ន្ធ តេក្វាន់ដូ បានដាក់ ២៤ វិញ្ញាសា ក្នុងនោះវិញ្ញាសាមេគុន បុរស-នារីមានចំនួន ៨ វិញ្ញាសា Speed Kciks ចំនួន ៨ វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធ ៨ វិញ្ញាសា។ វិញ្ញាសាមេគុនឯកត្តជនបុរស-នារី មានចំនួន ៨ រួមមានអាយុក្រោម ១០ ឆ្នាំ អាយុ ១០ ដល់ ១៤ ឆ្នាំ និងអាយុ ១៤ ដល់ ១៧ ឆ្នាំ ។

ចំណែកវិញ្ញាសា Speed Kciks ចំនួន ៨ វិញ្ញាសា រួមមានអាយុក្រោម ៨ ឆ្នាំ អាយុ ១០ ១២ ឆ្នាំ និង១៤ ឆ្នាំ ។ វិញ្ញាសាប្រយុទ្ធ ៨ វិញ្ញាសា (ក្រុមជម្រើសជាតិ)៕

