ក្រុងប៉េកាំង ៖ អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃពុធថា ទីក្រុង Hangzhou របស់ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីលើកទី ១៩ “Asian Games” ដោយផ្តោតលើគោលការណ៍បៃតង និងនិរន្តរភាពដែលគាំទ្រដោយបច្ចេកវិទ្យាខ្ពស់ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
លោក Yao Gaoyuan អភិបាលក្រុង Hangzhou បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ប្រសិនបើកន្លែងដែលមានស្រាប់អាចជួសជុលឡើងវិញបានតាមស្តង់ដារ Asiad នោះ មិនចាំបាច់សាងសង់កន្លែងថ្មីទេ ដូច្នេះមានតែកន្លែងប្រកួតចំនួន ១២ ក្នុងចំណោម ៥៦ សម្រាប់ការប្រកួតកីឡា Hangzhou Asian Games។
ប្រភពថាមពលបៃតង ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់កន្លែងប្រកួត។
លើសពីនេះ សេវាកម្មអនឡាញ ផលិតផលឌីជីថល និងគ្រឿងបរិក្ខារទំនើបៗត្រូវបានដាក់ឲ្យដំណើរការ ដោយរំពឹងថានឹងមានអ្នកចូលរួមមកពីទូទាំងអាស៊ីក្នុងរយៈពេលប្រហែល ១០០ ថ្ងៃ។
លោក Zhou Jinqiang អនុប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី Hangzhou (HAGOC) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដដែលថា គណៈកម្មាធិការអូឡាំពិកជាតិ និងតំបន់ទាំង ៤៥នៅអាស៊ីបានចុះឈ្មោះសម្រាប់ Hangzhou Asiad ដោយបង្ហាញពីការសាទរយ៉ាងខ្លាំងសម្រាប់ព្រឹត្តិការណ៍នេះ។
លោកបានបន្ថែមថា អត្តពលិកចិនជាង ៩០០ នាក់នឹងបន្តក្តីសុបិនរបស់ខ្លួននៅ Hangzhou Asiad និងមានមនុស្សជាង ៨ លាននាក់បានទៅទស្សនាការប្រកួត និងកន្លែងហ្វឹកហាត់រួចហើយ។
លោក Yao Gaoyuan បានកត់សម្គាល់ថា កន្លែងប្រកួតបានក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់សាធារណជនក្នុងការចូលរួមក្នុងសកម្មភាពកីឡា។
សកម្មភាពហាត់សមជាបន្តបន្ទាប់ត្រូវបានធ្វើឡើងដើម្បីបង្កើនប្រតិបត្តិការ ការផ្តល់ម្ហូបអាហារ សេវាព្យាបាល និងដឹកជញ្ជូន។ បច្ចុប្បន្នកន្លែងទាំងអស់ត្រូវបានរៀបចំយ៉ាងពេញលេញសម្រាប់ការប្រកួតកីឡា។
លោក Li Yanyi អភិបាលរងខេត្ត Zhejiang បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការរៀបចំព្រឹត្តិការណ៍ Asian Games បានរួមចំណែកដល់ការកែលម្អប្រព័ន្ធដឹកជញ្ជូននៅទីក្រុង Hangzhou និងទីក្រុងសហម្ចាស់ផ្ទះផ្សេងទៀត រួមមាន Ningbo, Wenzhou, Huzhou, Shaoxing និង Jinhua ។
លោកបានបន្តថា បច្ចុប្បន្ននេះ ទីក្រុង Hangzhou បានបញ្ចប់ការឆ្លងកាត់ផ្លូវដែកប្រវែង ៥១៦ គីឡូម៉ែត្រ និងបណ្តាញផ្លូវល្បឿនលឿន ៤៨០ គីឡូម៉ែត្រ ដោយធានាបាន នូវការដឹកជញ្ជូនដោយរលូនក្នុងអំឡុងពេលហ្គេម និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ រួមបញ្ចូលគ្នារយៈពេលវែងនៃតំបន់ដីសណ្ដទន្លេ Yangtze៕ ដោយ៖លី ភីលីព