កីឡា

ជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងជាលើកដំបូងសម្រាប់ជើងឯកពិភពលោក Formula E ដែលដើរដោយថាមពលអគ្គិសនី

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា រដ្ឋាភិបាលក្រុងតូក្យូបានឲ្យដឹងនៅថ្ងៃពុធនេះថា ផ្លូវនានានៅក្នុងទីក្រុងតូក្យូ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងរថយន្តជាលើកដំបូងដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសជប៉ុន ក្នុងការប្រកួតជើងឯកពិភពលោក Formula E ដែលរថយន្តដើរដោយថាមពលអគ្គិសនីទាំងអស់នៅខែមីនាឆ្នាំក្រោយ ។

ចំពោះការសម្រេចនេះបានកើតឡើងនៅគ្រាដែលទីក្រុងស្វែងរកការបង្កើនយុទ្ធសាស្រ្តនៃការបំភាយកម្រិតសូន្យរបស់ខ្លួនដែលមានគោលបំណងកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតដល់កម្រិតសូន្យសុទ្ធត្រឹមឆ្នាំ២០៥០ ។

អ្នករៀបចំកម្មវិធីបានលើកឡើងថា ការប្រណាំងរថយន្តជើងឯកពិភពលោក ABB FIA Formula E ត្រូវបានកំណត់សម្រាប់ថ្ងៃទី៣០ ខែមីនា ជាផ្នែកនៃរដូវកាលទី១០នៃព្រឹត្តិការណ៍នេះ ហើយអ្នកបើកបរ ចំនួន២២នាក់មកពី១១ក្រុមនឹងប្រណាំងរថយន្តដើរដោយថាមពលអគ្គិសនី Gen3 នៅលើផ្លូវជុំវិញមជ្ឈមណ្ឌលសន្និបាត Tokyo Big Sight នៅមាត់ទន្លេ Tokyo Bay ។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា វាក៏នឹងជាលើកទី១ដែលក្រុងតូក្យូ រៀបចំព្រឹត្តិការណ៍កីឡាប្រណាំងរថយន្តជើងឯកពិភពលោកដែលអនុម័តដោយសហព័ន្ធរថយន្តអន្តរជាតិដែលជាស្ថាប័នគ្រប់គ្រងដែលគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងរថយន្តជើងឯក Formula One ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top