ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានជួយសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនគណៈកម្មការ គ្រូបង្វឹក និងអត្តពលិកដណ្តើមបានមេដាយក្នុងការប្រកួតកីឡាការប្រកួតកីឡា SEA GAMES 2023 កន្លងទៅថ្មីៗនេះ។
លោក ប៉ាន សូរស័ក្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អប្រសើរ រហូតទទួលបានជោគជ័យគួរជាទីមោទកៈ ជាពិសេស កីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ទេពកោសល្យ ក្នុងការប្រកួតប្រជែងរហូតដណ្តើមបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះ មេដាយមាសចំនួន ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៤គ្រឿង ជាតួលេខដ៏ល្អប្រសើរលើសពីផែនការ របស់សហព័ន្ធបានដាក់ជូនគណៈកម្មាធិការជាតិ CAMSOC នាមុនពេលប្រកួត។
លោកអនុប្រធានទី១សហព័ន្ធបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣នេះ កម្ពុជា ដណ្តើមបានមេដាយមាសសរុប ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុបទាំងអស់មានចំនួន ២៨២គ្រឿង ឈរនៅលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលទ្ធផលខាងលើនេះបានបំបែកនូវកំណត់ត្រា នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយគឺពិតជាព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្ត្រធំមួយ បានលើកតម្កើងមុខមាត់ជាតិទាំងមូល ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ថែមថា សុខសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហេតុដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទេសក៍ឯក ជាប្រតិបត្តិករ នៃនយោបាយ «ឈ្នះ-ឈ្នះ» គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ពុះពាររាល់ការលំបាក និងលះបង់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយនាំឲ្យប្រទេសកម្ពុជា យើងទទួលបាន សុខសន្តិភាពពេញលេញ មានការឯកភាពជាតិ-ទឹកដី រស់ក្រោមដំបូលព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងការប្រកាន់យក នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
គណៈកម្មការ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីរួមមានគណៈកម្មការរៀបចំការប្រកួតចំនួន ៨១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល គ្រូបង្វឹក ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤ ០ម៉ឺនរៀល និងកីឡាករ-កីឡាការិនីដណ្តើមបានមេដាយមាស ១គ្រឿង ទទួលបានថវិកាចំនួន ១លានរៀល ក្នុង១នាក់ ។
ចំណែកកីឡាករ-កីឡាការិនី ដណ្តើមបានមេដាយប្រាក់ ១គ្រឿង ទទួលបានថវិកាចំនួន ៦០ម៉ឺនរៀល ក្នុង១នាក់ កីឡាករ កីឡាការិនី ដណ្តើមបានមេដាយ សំរឹទ្ធ ១គ្រឿង ទទួលបានថវិកា ចំនួន ៤០ម៉ឺនរៀល ក្នុង ១នាក់ សរុបថវិកាទាំងអស់មានចំនួន ៧៨,៦០០,០០០ ៕ ដោយ៖លី ភីលីព