កីឡា

ក្រុមអត្តពលិក ទាញព្រ័ត្រមកពី ១២ សមាគម និងក្លិប ចូលរួមការប្រកួតកីឡា ទាញព្រ័ត្រជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣

ភ្នំពេញ ៖ បើកការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅរង្វង់នាងទេពមច្ឆា រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា ។

លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បាននិយាយថា យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ក្នុងនោះសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រៀបចំការប្រកួតកីឡាទាញ ព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅ រង្វង់មូលសុវណ្ណមច្ឆា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅ នាពេលបន្តិចទៀតនេះ ។

ការប្រកួតកីឡាទាញ ព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ មានគោលបំណងសំខាន់ នៃការប្រកួត កីឡាទាញព្រ័ត្រថ្នាក់ជាតិ ឆ្នាំ ២០២៣ នេះ ដើម្បីជ្រើសរើសក្រុម និងកីឡាករ-កីឡាការិនី មានសមត្ថភាពឆ្នើមៗសម្រាប់ត្រៀម ចូលរួមការ ប្រកួតលក្ខណៈ អន្តរជាតិនានា ទៅតាមការអញ្ជើញ របស់សហព័ន្ធ អន្តរជាតិ ហើយការប្រកួត នេះ ក៏ដើម្បីបំផុសវិស័យ កីឡាទាញព្រ័ត្រនៅកម្ពុជា កាន់តែមានភាពផុសផុល ទូលំទូលាយ និង ទទួលបានការ គាំទ្រ និងចាប់អារម្មណ៍ កាន់តែច្រើន ពីមហាជនផងដែរ ។

លោកបានបន្តថា សារសំខាន់ជាងនេះ ការប្រកួតកីឡា ទាញព្រ័ត្រថ្នាក់ជាតិ ឆ្នាំ ២០២៣ ដើម្បីសម្រួច ទិសដៅ ក៏ដូចជាជ្រើសរើសអត្តពលិកឆ្នើមៗ សម្រាប់ត្រៀម ធ្វើការប្រមូលផ្តុំហ្វឹកហាត់ ជាក្រុមជម្រើសជាតិ នៅឆ្នាំ២០២៤ ក្នុងករណីក្រសួងអប់រំ អនុញ្ញាតសម្រាប់ត្រៀមឆ្ពោះ ទៅកាន់ការប្រកួតកីឡា SEA GAME ឆ្នាំ២០២៥ ដែលព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះ ។

ការប្រកួតសមាគម និងក្លិបចូលរួមចំនួន ១២ រួមមានសមាគមកីឡាទាញព្រ័ត្រ ខេត្តកណ្តាល សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពត សមាគមកីឡាទាញព្រ័ត្រ ក្រសួងមហាផ្ទៃ សមាគមកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ចាម សមាគមកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង សមាគមកីឡាទាញព្រ័ត្រ រាជធានីភ្នំពេញ សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ឆ្នាំង សមាគមកីឡាទាញព្រ័ត្រ ខេត្តក្រចេះ សមាគមកីឡាទាញព្រ័ត្រ ខេត្តត្បួងឃ្មុំ សមាគមកីឡាទាញព្រ័ត្រមជ្ឈមណ្ឌល ខ.ភ.ម និង សមាគមកីឡាទាញព្រ័ត្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក ។

ប្រតិភូ គ្រូបង្វឹក ចំនួន៣៣នាក់ កីឡាករចំនួន១៣៣ នាក់ កីឡាការិនី ចំនួន៧៣ នាក់ សរុបទាំងអស់ចំនួន២៤៤នាក់ ។ ប្រកួតវិញ្ញាសាមាន ចំនួន ៤វិញ្ញាសា ៖ វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រោម វិញ្ញាសា ៨នាក់ ទល់៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រោម វិញ្ញាសា៤នាក់ ទល់ ៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រោម វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកនារី ទម្ងន់ ២៥០គីឡូក្រោម ៕

Most Popular

To Top