ខេត្តបាត់ដំបង ៖ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញប្រគល់ប្រាក់រង្វាន់ លើទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់នារី ទទួលបានមេដាយសំរិទ្ធ នៃប្រកួតកីឡាបាល់ទាត់យូនីហ្វាយស្ប៉េស្យាល់ អូឡាំពិកអាស៊ីអាគ្នេយ៍លើកទី៩ (9th SOSEA Unified Football Competition 2022) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

លោក ឃ្លាំង ចន្ធូ ប្រធានប្រតិភូបានប្រាប់ឲ្យដឹងថា ប្រកួតកីឡាបាល់ទាត់យូនីហ្វាយស្ប៉េស្យាល់ អូឡាំពិកអាស៊ីអាគ្នេយ៍លើកទី៩ (9th SOSEA Unified Football Competition 2022) ដែលមានប្រទេសចូលរួម ចំនួន៧ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ការប្រកួតនេះប្រព្រឹត្តទៅ ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ។ សម្រាប់ក្រុមបាលទាត់នារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ។ ការប្រកួតបាន បញ្ចប់នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ២០២២ ប្រតិភូកម្ពុជា បានចូលរួមកម្មវិធីបិទក្រោម អធិបតីភាព ប្រធានស្ប៉េស្យាល់ អូឡាំពិកថៃ និង តំណាងស្ប៉េស្យាល់អូឡាំពិកអន្តរជាតិនៅសាកល វិទ្យាល័យជូឡាឡុងកន ទីក្រុងបាងកក ដោយមានការ បំពាក់មេដាយ និងចែកវត្ថុអនុស្សាវរីយ៍ដល់ ដំណាងប្រតិភូប្រទេសចូលរួម ។

លោក ឆាយ ម៉ាទីណាល់ បានមានប្រសាសន៍ថា នេះគឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលដល់វិស័យកីឡា កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំព្រឹត្តការណ៍កីឡា SEA GAME យ៉ាងល្អ និងទទួលបាន មេដាយច្រើន ដែលដែលជាមោទនភាពរបស់កម្ពុជា និងធ្វើឲ្យអន្តរជាតិ ស្គាល់កម្ពុជាកាន់តែច្បាស់ និងមានការកោតសរសើរ ដល់កម្ពុជា ។

លោកក៏បានលើកសរសើរ ដល់ក្រុមកីឡាបាល់ទាត់នារី ដែលបានចូលរួមប្រកួតថ្នាក់អាស៊ីអាគ្នេយ៍ ដោយទទួលបាន មេដាយសំរឹទ្ធ ដែលជាមោទនភាពខេត្ត និងថ្នាក់ជាតិលោកមបានសំណូមពរ ឲ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃអនាគត ។ រាជរដ្ឋាភិបាលផ្តល់ទឹកប្រាក់ចំនួន ៣៨៨ ០០ ០០០ រៀល កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ ក្នុងនោះកីឡាការិនីម្នាក់ទទួលបានទឹកប្រាក់ ចំនួន៤ ០០០ ០០០រៀល គ្រូបង្វឹកចំនួន៤ ០០០ ០០០ រៀល គ្រូជំនួយចំនួន ២ ៨០០ ០០០ រៀល ៕

