អ្នកចាំទីក្លឹប Paris Saint-Germain កីឡាករ Gianluigi Donnarumma ត្រូវបានចោរចូលគាស់ផ្ទះរបស់ខ្លួននៅរដ្ឋធានីប៉ារីសកាលពីយប់រំលងថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ប្រភពមួយចំនួនបានផ្សាយថា ចោរគាស់ផ្ទះនេះបានលួចយករបស់របរនានាដែលមានតម្លៃសរុបប្រមាណ ៥៥ម៉ឺនដុល្លារអាមេរិក។
ប្រភពខាងលើបានឲ្យដឹងថា កីឡាករអ៊ីតាលីរូបនេះ ក៏ដូចជាដៃគូស្នេហារបស់ខ្លួន ត្រូវបានចោរចាប់ចង មុនពេលដែលអ្នកទាំងពីរអាចគេចខ្លួនបានទៅសណ្ឋាគារប្រណីតមួយក្បែរផ្ទះរបស់ពួកគេ។
បុគ្គលិកនៅសណ្ឋាគារខាងលើបានទូរស័ព្ទទៅកាន់ប៉ូលិស ហើយអ្នកទាំងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល។ មិនទាន់មានរបាយការណ៍អាចបញ្ជាក់បានទេថា តើចោរនោះត្រូវបានចាប់បានឬនៅនោះទេ។
Donnarumma ជាកីឡាករអ៊ីតាលីមានអាយុ ២៤ឆ្នាំ។ កីឡាកររូបនេះផ្ទេរមកលេងនៅ PSG កាលពីឆ្នាំ ២០២១៕
ប្រភព៖sabay