វៀតណាម៖ លោក Mai Duc Chung ជាគ្រូបង្វឹកបាននិយាយថា លោកពេញចិត្តដែលកីឡាការិនីវៀតណាម របស់លោកបានលេងជាមួយក្រុមការពារតំណែងជើងឯកអាមេរិក ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភភលោកនារី “Women’s World Cup” ជាមួយនឹងភាពធន់រឹងមាំកាលពីថ្ងៃសៅរ៍ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
លោក Chung បានបន្តថា កីឡាការិនីបានជួយលោកឲ្យរក្សាការសន្យារបស់លោកមុនពេលការប្រកួតថា វៀតណាមអាចចាញ់ ប៉ុន្តែនឹងបង្ហាញស្មារតីរឹងមាំនៅចំពោះមុខគូប្រកួតប្រសើរជាងពួកគេក្នុងគ្រប់ទិដ្ឋភាពទាំងអស់។
គ្រូបង្វឹកវ័យ៧២ឆ្នាំមានអារម្មណ៍រំជួលចិត្ត ក្នុងការនាំកីឡាការិនីវៀតណាមទៅកាន់វគ្គជម្រុះ World Cup ជាលើកដំបូង។ ខ្ញុំមានអារម្មណ៍ស្រើបស្រាលពេលភ្លេងជាតិរបស់វៀតណាម ត្រូវបានលេងនៅលើសង្វៀនធំបំផុត នៃកីឡាបាល់ទាត់នារី។
កីឡាការិនីវៀតណាម មិនមានការស៊ុតចូលក្នុងការប្រកួតនោះទេ បើទោះជាពួកគេបានបំពេញគោលដៅសំខាន់ក្នុងការកំណត់គ្រាប់បាល់ដែលចាញ់ក៏ដោយ។
ពួកគេបានទទួលយកបីគ្រាប់ បើទោះបីជាសហរដ្ឋអាមេរិក មានការបាញ់ចំនួន ២៨ គ្រាប់ ក្នុងនោះមាន ៧ គ្រាប់នៅលើគោលដៅ។
អ្នកចាំទីវៀតណាម Tran Thi Kim Thanh មានការសង្គ្រោះដ៏អស្ចារ្យជាច្រើន រួមទាំងពេលមួយនៅពេលនាងរារាំងការស៊ុតបាល់ប៉េណាល់ទីដោយ Alex Morgan ក្នុងតង់ទីមួយ។
លោក Chung បានបន្ថែមថា តំណែងអ្នកចាំទី គឺជាតួនាទីដែលលោកមានទំនុកចិត្តបំផុតនៅក្នុងក្រុម។
កីឡាការិនី Kim Thanh លេងបានល្អណាស់ថ្ងៃនេះ ដោយរារាំងការបាញ់ជាបន្តបន្ទាប់ពីគូប្រកួត។
កីឡាការិនីផ្សេងទៀតបានសម្របសម្រួល និងគាំទ្រនាងបានយ៉ាងល្អ ដូច្នេះយើងគ្រប់គ្រងការវាយប្រហារជាច្រើនពីសហរដ្ឋអាមេរិក។
វៀតណាម ជាក្រុមអាស៊ីអាគ្នេយ៍ទី២ដែលលេងជាមួយអាមេរិកក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី។ កាលឆ្នាំ ២០១៩ ថៃបង្ហាញវត្តមានដំបូងក៏បានជួបអាមេរិក ក្នុងការប្រកួតបើកឆាករបស់ពួកគេ ដោយចាញ់ ០-១៣៕ ដោយ៖លី ភីលីព