ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីការ៉ាតេ និងហែលទឹករបស់ក្រសួងមហាផ្ទៃនាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣ បានប្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីពួកគេបញ្ចប់ការប្រកួតគ្រប់វិញ្ញាសា នៃព្រឹត្តិការណ៍ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ “World Police & Fire Games” នៅទីក្រុង Winnipeg ប្រទេសកាណាដា ចំពោះក្រុមកីឡាករ-កីឡាការិនីការ៉ាតេដណ្តើមបានមេដាយរហូតដល់ ៨ គ្រឿងក្នុងនោះមេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរឹទ្ធ ២គ្រឿង ចំណែកក្រុមកីឡាករ-កីឡាការិនីហែលទឹកវិញដណ្តើមបានមេដាយរហូតដល់ ១៥ គ្រឿងក្នុងនោះមេដាយមាស ៦ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធ៣គ្រឿង។
លោកគ្រូ ឡាច ចន្ទដារ៉ា នាយកសាលាគុនសុរិយាការ៉ាតេ-ដូ និងជាប្រធានគ្រូបង្វឹករបស់សមាគមកីឡាការ៉ាតេដូ ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្នុងនាមជាលោកគ្រូធំពិតជាសប្បាយចិត្តណាស់ចំពោះលទ្ធផលមេដាយដែលក្រុមកីឡាករ-កីឡាការិនីការ៉ាតេទទួលបានលើសពីរំពឹងទុករបស់លោក។
លោកគ្រូបានបន្តថា រូបលោកបានសង្ឃឹមថា ពួកគេអាចដណ្តើមបានមេដាយត្រឹមតែ ៥ គ្រឿង គឺមេមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធចំនួន ២ គ្រឿងតែប៉ុណ្ណោះ បែរជាទទួលបានរហូតដល់ ៨ គ្រឿងទៅវិញ។
ប្រកួតនេះយើងមានកីឡាករ-កីឡាការិនីការ៉ាតេ និងគ្រូបង្វឹកចំនួន ៦ នាក់ក្នុងនោះកីឡាការិនី ២ នាក់ និងកីឡាករ ៣ នាក់ គឺអ្នកគ្រូ ជា ថារី កីឡាការិនី ផុន គិមស្រៀង កីឡាការិនី ស៊ីម ស្រីនីន កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ កាក់ សីលាបញ្ញា និងកីឡាករ តក់ ពិចិត្រ។
កីឡាការិនី ផុន គិមស្រៀង ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម កីឡាការិនី ស៊ីម ស្រីនីន ប្រកួតលើវិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធក្រុម និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតលើវិញ្ញាសាសម្តែង ប្រយុទ្ធប្រភេទទម្ងន់ក្រោម៧០ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម។
ណែកកីឡាករ កាក់ សីលាបញ្ញា ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៨៥ គីឡូក្រាមឡើង និងវិញ្ញាសាប្រយុទ្ធក្រុម និងនិងកីឡាករ តក់ ពិចិត្រ ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៧៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម៕ ដោយ៖លី ភីលីព




