ភ្នំពេញ ៖ ការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយមានការចូលរួមកីឡាករ-កីឡាកសរិនីវ័យក្មេងមកពី ២៥ រាជធានី-ខេត្ត នៅទូទំាងប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធាន មនុស្សឲ្យ មានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ និងរួម ចំណែកអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តរភាព ។
នាថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសន្និសីទសារព័ត៌មានស្តីការរៀបចំប្រកួតកីឡាសិស្សបឋមសិក្សា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន កីឡា និងលោក ហួត សេងទ្រី ប្រធាន ប្រធាននាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា នៅសាលប្រជុំមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា ។
លោក ហួត សេងទ្រី បាននិយាយថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ មាន ៨ ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយ កូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF មានវិញ្ញាសាសរុប ៣៤ ចំណែកឆ្នាំ២០២៣ មាន ១០ ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយ កូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF វាយកូនឃ្លីលើតុ និងគុនល្បុក្កតោ មានវិញ្ញាសាសរុប ៥១ បន្ថែមលើ ២ ប្រភេទកីឡា ដើម្បីឲ្យកីឡាករ-កីឡាការិនីនៅតាមរាជធានី ខេត្តបានបញ្ចេញសមត្ថភាព ដោយមានប្រតិភូ អ្នកថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ២៥៩៥នាក់ ។
លោកបានបន្តថា ចំពោះទីលានគណៈកម្មការជ្រើសរើសទីតាំងចំនួន ៦ គឺ ពហុកីឡដ្ឋានជាតិ វិទ្យាស្ថានអប់រំកាយ និងកីឡា វិទ្យាល័យ ជា ស៊ីម បឹងកេងកង វិទ្យាល័យ បឹងត្របែក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
លោក សុខ សប្បាយណា បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងគឺបំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត ។ ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្តើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។
លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការ ប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា និងបង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុង សង្គមជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។
បច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ជ្រៀសវៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាព ពេញលេញ និង ការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះ ក៏បានយកចិត្តទុកដាក់រៀបចំ គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្ស ឱ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ និងរួម ចំណែកអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព ។ វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗ ក្នុងសង្គម ជា អាទិ៍ការប្រើប្រាស់គ្រឿងញៀន ៕