កីឡា

លោក លោក ប៊ូ ជុំសេរី ៖លោកសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់អង្គភាពជំនាញ និងគណៈកម្មការជំនាញរៀបចំការប្រកួតឆ្នាំនេះ

ភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ លោក ប៊ូ ជុំសេរី អនុវដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាន ប្រធាននាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា រួមទាំងគណៈកម្មការប្រកួត និងអ្នកតំណាងសហព័ន្ធកីឡាជាតិទាំង ១០ ចូលរួមកិច្ចប្រជុំបច្ចេកទេសត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ហួត សេងទ្រី បាននិយាយថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៣ មាន ១០ ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៉េតង់ និងគុនល្បុក្កតោ មានវិញ្ញាសាសរុប ៥១ ដើម្បីឲ្យកីឡាករ-កីឡាការិនីនៅតាមរាជធានី ខេត្តបានបញ្ចេញសមត្ថភាពដោយមានប្រតិភូ អ្នកថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ២៥៩៥នាក់ ។

លោកបានបន្តថា ចំពោះទីលានគណៈកម្មការជ្រើសរើសទីតាំងចំនួន ៦ គឺ ពហុកីឡដ្ឋានជាតិ វិទ្យាស្ថានអប់រំកាយ និងកីឡា វិទ្យាល័យ ជា ស៊ីម បឹងកេងកង វិទ្យាល័យ បឹងត្របែក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងគឺបំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត ។ ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្តើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។

លោក លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាពជំនាញ និងគណៈកម្មការជំនាញក្នុងការរៀបចំការប្រកួតនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិឌ្ឍវិស័យកីឡានៅកម្ពុជា និងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការ ប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា និងបង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុង សង្គមជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។ ដោយ៖លី ភីលីព

Most Popular

To Top