ភ្នំពេញ៖លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានជួបសំណេះសំណាល និងផ្តល់ថវិកាដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡាចំបាប់ចំនួន ១៥នាក់ត្រៀមខ្លួនទៅបោះជំរុំហ្វឹកហាត់នៅប្រទេសចិនចាប់ពីទី ២៣ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ និងចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ “19th Asian Games” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ ខេត្ត Hangzhou នៅប្រទេសចិន ។
លោក ខេស៊ី បាណេត បានមានប្រសាសន៍ថា ការហ្វឹកហាត់នៅប្រទេសចិនលើកនេះមានសារសំខាន់ណាស់ចំពោះក្រុមកីឡាករ-កីឡាការិនីកីឡាចំបាប់សម្រាប់ត្រៀមចូលរួមរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ “19th Asian Games” ទៀត ដូច្នេះនៅពេលហ្វឹកហាត់ត្រូវសំឡឹងមើលចំណុចខ្វះខាតរបស់ខ្លួនឯងដើម្បីកែចំណុចទាំងនោះ ទើបអាចយកឈ្នះលើគូប្រកួតបាន។ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ “19th Asian Games” លើកនេះក្រុមកីឡាករ-កីឡាការិនីកីឡាចំបាប់ទំាងអស់មិនថា ឈ្នះ ឬចាញ់ទេ ដែលទទួលបាន ១ពិន្ទុ លោកនឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០ ដុល្លារ។
លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹក បាននិយាយប្រាប់ថា ការចេញទៅហ្វឹកហាត់នៅប្រទេសចិនចាប់ពីទី ២៣ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡាចំបាប់ចំនួន ១៥នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ២ នាក់ កីឡាករ ៨ នាក់ និងកីឡាការិនី ៥ នាក់។ ក្រុមកីឡាករ-កីឡាការិនីកីឡាចំបាប់ចំនួន ១៣នាក់សុទ្ធសឹងម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជា៕ ដោយ៖លី ភីលីព




