កីឡា

លោកបណ្ឌិត ជ្រិន សុធា៖ ការប្រកួតធ្វើឡើងដើម្បីជ្រើសរើសក្រុមថ្នាលឆ្ពោះកីឡាអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញ៖លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និង លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រភេទកីឡាតេក្វាន់ដូ WT នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ។

លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថា គណៈកម្មការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ របស់ប្រភេទកីឡាតេក្វាន់ដូ WT ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡ ជាតិអូឡាំពិកប្រកួតលើវិញ្ញាសាមេគុនចំនួន ៦វិញ្ញាសា(កុមារា ៣វិញ្ញាសា និងកុមារី ៣វិញ្ញាសា។

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា ក៏សូមថ្លែងអំណរគុណ និងដឹងគុណបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ឱកាសដល់វិស័យកីឡា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូបានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសក្រុមថ្នាល ឆ្ពោះទៅរៀបចំការប្រកួតកីឡាអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ចំណាត់ថ្នាក់លេខ១ ខេត្តសៀមរាប មាស ២ ប្រាក់ ៣ សរុប ៥គ្រឿង ចំណាត់ថ្នាក់លេខ២ រាជធានីភ្នំពេញមាស ១ ប្រាក់ ១សរុប ២គ្រឿង ចំណាត់ថ្នាក់លេខ២ ខេត្តមណ្ឌលគិរី មាស ១ ប្រាក់ ១សរុប ២គ្រឿង ចំណាត់ថ្នាក់លេខ៤ ខេត្តបាត់ដំបង មាស ១ សំរឹទ្ធិ ៤ សរុប ៥គ្រឿង ចំណាត់ថ្នាក់លេខ៥ ខេត្តកំពត មាស ១ សំរឹទ្ធិ ១ សរុប ២គ្រឿង ចំណាត់ថ្នាក់លេខ៦ ខេត្តរតនគិរី ប្រាក់ ១សរុប ១គ្រឿង និងចំណាត់ថ្នាក់លេខ៧ ខេត្តកំពង់ចាម សំរឹទ្ធិ ១ សរុប ១គ្រឿង៕ ដោយ៖លី ភីលីព

Most Popular

To Top