ភ្នំពេញ ៖ ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៣ និងកម្មវិធីត្រួតពិនិត្យសុខភាព កីឡាករ-កីឡាការិនីបញ្ញាខ្សោយ នៅខេត្តកំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំ ណងផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នាធ្វើការ ប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការ រើសអើងផ្សេងៗ នៅក្នុងសង្គម ។

ក្នុងឱកាសកម្មពិធីនេះ ដោយមានការអញ្ជើញ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាង លោក វង សូត ជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក លី វ៉េត អភិបាលរងខេត្តកំពង់ធំ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្បែស្យាល់អូឡាំពិកកម្ពុជា និងលោក ឈុន សារ៉ាន ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ។
លោក ឈុន សារ៉ាន បាននិយាយថា ការប្រកួតមិនមែន ដើម្បីតែជ័យជម្នះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាព ក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ នាចុងខែតុលាខាងមុខផងដែរ ។

លោកបានបន្តថា ការប្រកួតមានចំនួន ៥ រួមមាន អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តសៀមរាប ប្រតិភូកីឡាស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រតិភូកីឡាស្រុកសន្ទុក ខេត្តកំពង់ធំ ប្រតិភូកីឡាក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងអាណាព្យាបាល និងកីឡាករ កីឡាការិនី ក្មេងៗទំាងអស់ ១៥០នាក់ ។
លោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតនេះ ដើម្បីលើកកម្ពស់ស្ថេរភាព និងផ្តល់ឱកាសដល់ ក្រុមកីឡាករ-កីឡាការិនី មកពីតាមអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត បានជុំគ្នា បង្កើនទំនាក់ទំនងពីគ្នា និងក្នុងបុព្វហេតុជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ប្រចាំឆ្នាំ និងត្រៀមលក្ខណៈចូលរួម ការប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះលោកអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ក៏ដូចជាមន្រ្តី គ្រប់ជាន់ថ្នាក់ទាំងអស់ តែងតែចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ជាពិសេសវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។ ហើយក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មាតាបិតា អាណាព្យាបាលទាំងអស់ បានលះបង់ពេលវេលា មកចូលរួមដើម្បីលើកស្ទួយ វិស័យកីឡាស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ។

លោកអនុប្រធានបានបន្ថែមទៀតថា ម៉្យាងវិញទៀត ដើម្បីកំណត់អាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងវិស័យពិការភាព ដើម្បីធ្វើការបន្ស៊ី បញ្ជ្រាប និងដាក់បញ្ចូលបញ្ហា ពិការភាព ទៅក្នុងគ្រប់វិស័យ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃយុទ្ធសាស្ត្រទាំងឡាយ ទាំងក្នុងក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឬរបៀបវារៈឆ្នាំ ២០៣០ ក៏បានប្តេជ្ញាចិត្តថា «មិនមាននរណាម្នាក់ ត្រូវបានទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើង ជនមានពិការភាព ពិសេសការគិតគូអំពីការស្តារ កាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ព្រមទាំងធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពគ្រប់ សកម្មភាពនានាក្នុងសង្គម ៕
