ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកាដែលជាក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់អតីតជម្រើសជាតិកម្ពុជាបានក្លាយជាក្រុមមួយក្នុងចំណោមក្រុមទំាង ១០ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមការប្រកួតនាខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា បានមានប្រសាសន៍ថា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកានឹងធ្វើការប្រកួតជាផ្លូវការដំបូងជាមួយក្រុមបាល់ទាត់វ័យចាស់ហនុមាន នៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ២០២៣ ទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅវេលាម៉ោង ២រសៀល។ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣នេះធ្វើឡើងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។
ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកាបានបន្តថា ប្រសិនបើក្រុមរបស់លោកបានគ្រងតំណែងជើងឯកការប្រកួតពិតមែន ប្រាក់រង្វាន់ដែលទទួលបានរូបលោក និងកូនក្រុមនឹងប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ផា នេះជាការចូលរួមចំណែកផ្នែកមនុស្សធម៌ក្នុងនាមអតីតកីឡាបាល់ទាត់ជម្រើសជាតិ និងជាមន្រ្តីបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងផងដែរ។
ការប្រកួតឆ្នាំនេះមាន ១០ ក្រុមចូលរួមដូចជា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ក្រុមបាល់ទាត់វ័យចាស់ទ័ព ក្រុមបាល់ទាត់វ័យចាស់ 7NG ក្រុមបាល់ទាត់វ័យចាស់ហនុមាន ក្រុមបាល់ទាត់វ័យចាស់ មហាហង្ស ក្រុមបាល់ទាត់វ័យចាស់អូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ Healthcare ក្រុមបាល់ទាត់វ័យចាស់ បញ្ជាការដ្ឋានអង្គរក្សា ក្រុមបាល់ទាត់វ័យចាស់ SCS ក្រុមបាល់ទាត់វ័យចាស់រាជសីហ៍៕ ដោយ៖លី ភីលីព