ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិទាំង ១២ ប្រភេទនេះក្នុងគោលបំណង គឺបំផុសសកម្មភាពអប់រំកាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សានៅតាមរាជធានី-ខេត្តក្នុងនោះក៏មានប្រភេទកីឡាហែលទឹកមួយដែរ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងតាមប្រព័ន្ធអនឡាញថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិសម្រាប់សហព័ន្ធខ្មែរហែលទឹកជាលើកទី២ ឆ្នាំទី២ អ្វីដែលសហព័ន្ធផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ-កីឡាការិនីវ័យក្មេង ជាពិសេសសិស្សសិក្សាតាមវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជាដែលជាកីឡាករ-កីឡាការិនីបានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត។
លោកបានបន្តថា ការប្រកួតនេះគោលបំណងសំខាន់បំផុត គឺការចូលរួមរបស់កីឡាករ-កីឡាការិនីវ័យក្មេង ចំណែកលទ្ធផលបច្ចេកទេសយើងបានបោះជំហានទៅមុខជាបន្តបន្ទាប់ ជាគោលដៅដើម្បីឲ្យកីឡាហែលទឹកនៅប្រទេសកម្ពុជាមានការរីកចម្រើន យើងត្រូវចាប់ផ្តើមពីយុវជន-យុវតីទៅ ហើយអ្វីដែលជាក្តីសង្ឃឹមថា កីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សានេះអាចធ្វើឲ្យយើងជ្រើសរើសកីឡាករ-កីឡាការិនីល្អៗត្រៀមបញ្ជូនទៅជាក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគត។
លោកកីឡាករ-កីឡាការិនីបានបន្ថែមទៀតថា អ្វីដែលសហព័ន្ធថែមទៀតនោះ យើងនឹងមានលទ្ធិភាពបណ្តុះបណ្តាល និងផ្តល់លទ្ធិភាពតាមបណ្តាលខេត្តផ្សេងៗទៀត ឥឡូវនេះមានតែ ៥ ខេត្ត គឺខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្តាល និងភ្នំពេញ។ សព្វថ្ងៃនេះសហព័ន្ធចង់ឲ្យមានក្រុមចូលរួមឲ្យបានច្រើនជាងផ្សេងៗ។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៣ មាន ១២ ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៉េតង់ ហែលទឹក ការ៉ាតេ និងគុនល្បុក្កតោ មានវិញ្ញាសាសរុប ១០៥ ដើម្បីឲ្យកីឡាករ-កីឡាការិនីនៅតាមរាជធានី ខេត្តបានបញ្ចេញសមត្ថភាពដោយមានប្រតិភូ អ្នកថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣២៥៧ នាក់៕ ដោយ៖លី ភីលីព