ភ្នំពេញ៖នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រភេទកីឡាចំនួន ៧ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតជាផ្លូវការ បន្ទាប់ពីប្រភេទកីឡាការ៉េតេបញ្ចប់ការប្រកួតគេ ខណៈកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
ចំពោះកីឡាទំាង ៧ ប្រភេទរួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ និងកីឡាហែលទឹកដោយធ្វើការប្រកួតតាមទីលានរៀងៗខ្លួនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកកីឡាអត្តពលកម្មប្រកួតក្នុងទីលានបាល់ទាត់ កីឡាវាយសីប្រកួតនៅទីលានរបស់សហព័ន្ធ កីឡាវាយកូនឃ្លីលើតុប្រកួតនៅទីលានរបស់សហព័ន្ធ កីឡាតេក្វាន់ដូ WTប្រកួតនៅអាគារប៊ូយ៉ុងខ្មែរ កីឡាតេក្វាន់ដូ ITF ទីលានទល់មុខសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កីឡាប៉េតង់ ទីលានរបស់សហព័ន្ធ និងកីឡាហែលទឹកនៅអាងហែលទឹក។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៣ មាន ១២ ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៉េតង់ ហែលទឹក ការ៉ាតេ និងគុនល្បុក្កតោ មានវិញ្ញាសាសរុប ១០៥ ដើម្បីឲ្យកីឡាករ-កីឡាការិនីនៅតាមរាជធានី ខេត្តបានបញ្ចេញសមត្ថភាពដោយមានប្រតិភូ អ្នកថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣២៥៧ នាក់ ។
ចំពោះទីលានគណៈកម្មការជ្រើសរើសទីតាំងចំនួន ៩ គឺ ពហុកីឡដ្ឋានជាតិ ស្តាតចាស់ វិទ្យាស្ថានអប់រំកាយ និងកីឡា វិទ្យាល័យ ជា ស៊ីម បឹងកេងកង វិទ្យាល័យ បឹងត្របែក វិទ្យាល័យ ជ្រោយចង្វារ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។ ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងគឺបំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត ។ ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្តើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា៕ ដោយ៖លី ភីលីព




