ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃក្រសួងមហាផ្ទៃ ត្រូវបន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាបានសាមគ្គីភាព ឱ្យកាន់តែរឹងមាំ ។
ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមផ្ទៃ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ អភិសន្តិបណ្ឌិត ស សុខា បានសម្តែងការកោតសរសើរ ចំពោះប្រតិភូ និងអត្តពលិកទាំងអស់ ដែលបានចេញទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាពិភពលោក World Police & Fire Games នៅឯប្រទេសកាណាដា ដោយបានទទួលលទ្ធផលគួរជាទីមោទកជាពិសេសប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី ក្រសួងមហាផ្ទៃ បានគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។
ទន្ទឹមនឹងលទ្ធផលជាវិជ្ជមានពីការប្រកួត World Police & Fire Games នៅប្រទេសកាណាដា អភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា «ជំរុញលើកទឹកចិត្ត ដល់ប្រតិភូ គ្រូបង្វឹក និង កីឡាករកីឡាការិនី បន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាឱ្យបានសាមគ្គី ក្នុងក្រុមក្នុងអង្គភាព ឱ្យកាន់តែរឹងមាំ ។ ដូចគ្នានេះដែរ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏គួសិក្សារៀបចំព្រឹត្តិការណ៍ កីឡាក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមិនរង់ចាំតែបញ្ជូនប្រតិភូ និង កីឡាករកីឡាការិនី ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នៅឯបរទេសនោះទេ ។ ចំពោះព្រឹត្តិការណ៍ប្រកួតនីមួយៗ ដែលរៀបចំទៀតសោត ក៏ពុំគួរឱ្យមានកីឡាករកីឡាការិនី ជម្រើសជាតិ ចូលរួមប្រកួតនោះដែរ ពោលគឺត្រឹមតែជានគរបាល ដែលកំពុងបម្រើការងារ ចំណុះក្រសួងមហាផ្ទៃជាការសមស្រប ព្រោះក្នុងគោលបំណងបង្កើន ទំនាក់ទំនងជិតស្និទ្ធពីអង្គភាព មួយទៅអង្គភាពមួយចំណុះក្រសួង»។
ដើម្បីប្រសិទ្ធភាព និងគុណផលកីឡាក្រោមឱវាទ ក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានលើកជាអនុសាសន៍ ឱ្យសិក្សាបង្កើតគណៈកម្មការ រៀបចំការប្រកួត ដោយរៀបចំផែនការហ្វឹកហាត់ ផែនការប្រកួត តាមដានរាល់ការប្រកួត និងបញ្ជូនកីឡាករកីឡាការិនីចូលរួមគ្រប់ការប្រកួត គ្រប់កម្រិត ដើម្បីបង្កើនសមត្ថភាព ដកពិសោធន៍ និងមានភាពស៊ាំគ្រប់ស្ថានការ ។
ក្រៅពីនេះ អភិសន្តិបណ្ឌិត ក៏បានផ្ដល់យោបល់ជូនអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ គួរសិក្សាបង្កើតក្រុមការងារគ្រប់គ្រង Data Base សម្រាប់គ្រប់គ្រងប្រមូលផ្ដុំព័ត៌មានកីឡាករកីឡាការិនី។
លោក ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់លើវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនោះក្រសួងមហាផ្ទៃ ជាតួអង្គសំខាន់មួយដែរ។ ការពង្រីកសកម្មភាព និងលើកកម្ពស់វិស័យកីឡាទាំងស៊ីវិល និងកងកម្លាំងនេះ គឺដើម្បីផ្តល់ឱកាសដល់ពលរដ្ឋទូទៅ ទទួលបានការកម្សាន្ត សុខមាលភាព និងកាយសម្បទារឹងមាំ តាមរយៈវិស័យអប់រំកាយ និងកីឡា ជាពិសេសជាយន្តការឱ្យប្រជាពលរដ្ឋ បានបញ្ចេញទេពកោសល្យ ក្នុងវិស័យនេះ៕