ភ្នំពេញលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា សម្រាប់ថ្ងៃនេះគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា “NOCC” បានសហការជាមួយអង្គការជប៉ុន បានរៀបចំសកម្មភាពកីឡា “Diversity Voyage” ជាមួយកុមារា-កុមារីដែលជាសិស្សមកពីសាលារៀនរដ្ឋក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាប្រហែល ១០០ នាក់។
លោកបានបន្តថា កុមារា-កុមារីទំាងនេះមកសាលាសន្ទរមុករៀននៅថ្នាក់ទី ២ រហូតដល់ ថ្នាក់ទី ៤ ដោយរៀបចំសកម្មភាពពាក់ព័ន្ធកីឡាជាច្រើន ក្នុងគោលបំណងបង្ហាញពីការចូលរួមរបស់កុមារា-កុមារីសម្រាប់វិស័យកីឡា គុណតម្លៃកីឡាជាគុណតម្លៃ នៃចលនាកីឡាអូឡាំពិក ដែលគុណតម្លៃសំខាន់ ក្នុងការស្វែងយល់ពីសារសំខាន់ពីការចូលរួមលេងកីឡាដើម្បីក្លាយគំរូ និងបន្តវេន។
លោកអគ្គលេខាធិការរងបានបន្ថែមទៀតថា កម្មវិធីនេះ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងអង្គការជប៉ុន បានរៀបចំតាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សិក្សាលើការចូលរួមកីឡា គុណតម្លៃនៃចលនាកីឡាអូឡាំពិក និងភាពជោគជ័យនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕ ដោយ៖លី ភីលីព





