គ្រូបង្គោលក្លឹប Paris Saint-Germain លោក Luis Enrique ចាត់ទុកថា ខ្សែប្រយុទ្ធបារាំង Kylian Mbappe ជាកីឡាករល្អជាងគេលើលោក។ លោកលើកឡើងបែបនេះ ក្រោយពេលដែល PSG យកឈ្នះ Dortmund ក្នុងលទ្ធផល ២-០ នៅក្នុងប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ UEFA Champions League។
លោកបានលើកឡើងថា៖ «សម្រាប់ខ្ញុំ Kylian ជាកីឡាករល្អជាងគេលើលោក»។
«ក្រៅពីតិចនិកបច្ចេកទេសរបស់គេ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ គុណភាពជាមនុស្សរបស់គេតែម្ដង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលឃើញគេនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ គេជាមេដឹកនាំម្នាក់ ហើយតែងតែមានស្នាមញញឹមជានិច្ច»។ នេះជាការបន្ថែមរបស់លោក។
Mbappe ស៊ុតចូលមួយគ្រាប់ តាមរយៈគ្រាប់បាល់ពិន័យ ១១ម៉ែត្រ នៅក្នុងប្រកួតប៉ះ Dortmund នៅក្នុងរដ្ឋធានីប៉ារីស។
កីឡាកររូបនេះ ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួនចុះផ្សាយថា មានបញ្ហាជាមួយក្លឹប PSG ដោយសារតែគេមានបំណងចាកចេញទៅរកទ្រនំថ្មី៕
ប្រភព៖sabay