ខេត្តព្រៃវែង ៖ លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្ដ ខេត្តព្រៃវែង លោក លោកសួន សុម៉ាលីន អភិបាលខេត្ត ខេត្តព្រៃវែង និងលោក ប៉ុន សុខ អគ្គនាយកស្តីទី នៃអគ្គនាយកកីឡាដ្ឋានកាលថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ និង ប្រជាពលរដ្ឋជុំវិញ ប្រទេសកម្ពុជា បានមកជួបជុំគ្នានៅសួនច្បារ សម្ដេចក្រឡាហោម ស ខេង ទីក្រុងព្រៃវែង ខេត្តព្រៃវែង បានអញ្ជើញ ចូលរួមអបអរសាទរ ទិវាដើរពិភពលោក ដែលជាកម្មវិធីរៀបចំបណ្ដាក់គ្នា ក្នុងរយៈពេល ២៤ ម៉ោងជុំវិញ ពិភពលោក ។
លោក ប៉ុន សុខ បានមានប្រសាសន៍ថា ទិវាដើរពិភពលោក ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ នៅទីក្រុង ឡូសាន ប្រទេសស្វីស ដោយសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ហៅកាត់ថា TAFISA ។ ទិវានេះ ត្រូវកំណត់ ឲ្យប្រើប្រាស់ វិធីសាស្រ្ដសាមញ្ញៗ ដូចជាដើរ រាំកម្សាន្ដ ជិះកង់ រត់ ជាដើម ក្នុងគោលបំណង អបអរសាទរកីឡា សម្រាប់ទាំងអស់គ្នា ប្រយុទ្ធប្រឆាំង នឹងវិបត្តិពិភពលោក នៃភាពអសកម្មនៃរាងកាយ ។ ដោយឡែក ទិវានេះ ត្រូវបានដាក់ឈ្មោះថា ជា ទិវាដើរពិភពលោក” គឺកើតឡើងដោយ មានមនុស្សរាប់លាននាក់ មកពីជាង១៦០ប្រទេស បានជួបជុំដើរជុំគ្នា នៅរៀងរាល់ថ្ងៃអាទិត្យ សប្ដាហ៍ទី១នៃខែតុលា ។
សកម្មភាពនេះ ត្រូវបានអនុវត្តទៀង ទាត់ជាង ៣ទស្សវត្ស រហូតមាន ការទទួលស្គាល់ ពីសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ហើយបានសម្រេច បង្កើតទិវានេះឡើង ដោយដាក់ឈ្មោះថា “ទិវាដើរពិភពលោក” នៅឆ្នាំ១៩៩១ ។ នៅឆ្នាំ២០២០ ពេលដែលពិភពលោក ប្រឈមមុខនឹង ជំងឺរាតត្បាត ជាសកលដែលរំខានដល់សង្គម កីឡា ប្រព័ន្ធសុខភាព មូលដ្ឋាន និងរដ្ឋាភិបាលនានាទូទាំងពិភពលោក យើងត្រូវរួបរួម ហើយបង្ហាញទៅសកលលោកថា កីឡាសម្រាប់ទាំងអស់គ្នា មានភាពរឹងមាំ និងសាមគ្គី នាអំឡុងពេល ដែលមនុស្សជាតិ ត្រូវតស៊ូរស់រានទាំងអស់គ្នា ។ ដូច្នេះហើយ បានកើតឡើងនូវគំនិត នៃទិវាដើរពិភពលោក ព្រឹត្តិការណ៍បណ្ដាក់ ២៤ម៉ោងជុំវិញ ពិភពលោក ដែលជាការរៀបចំបន្តបន្ទាប់គ្នា តាមល្វែងម៉ោងក្នុងរយះពេល២៤ ម៉ោងនៅជុំវិញពិភពលោក ។
លោកអគ្គនាយកស្តីទីបានបន្តថា ជាលទ្ធផល មនុស្សរាប់ម៉ឺននាក់មកពី ៦៥ប្រទេស បានចូលរួមក្នុងទិវានេះ ដោយរាប់ចាប់ពីពីប៊ូលខាងជើង (ទ្វីបអង់តាក់ទិក) ឆ្ពោះទៅប្រទេសខាងលិចបំផុតនៃទ្វីបអាមេរិក ឆ្លងកាត់ទ្វីបអូសេអានី អាស៊ី អឺរ៉ុប និងចុងក្រោយ បញ្ចប់នៅត្រឹមទ្វីបអាហ្រ្វិក។ អរគុណ សន្ដិភាព! អរគុណ ព្រឹត្តិការណ៍ដ៏ជោគជ័យ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ !
បន្ទាប់ពីភាពល្បីល្បាញ ក្រោយភាពជោគជ័យ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើឱ្យសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ដាក់កម្ពុជា ជាប្រទេសគោលដៅមួយក្នុងចំណោមប្រទេសទាំង ១០០ ក្នុងការរៀបចំរៀបចំ ទិវាដើរពិភពលោក ឆ្នាំ២០២៣។ ដើម្បីបង្ហាញពីសក្ដានុពល និងការរីកចំរើន នៃខេត្តព្រៃវែង គណៈកម្មការរៀបចំ សម្រេចជ្រើសរើសយកទីក្រុងព្រៃវែង ខេត្តព្រៃវែង ជាទីតាំងដំបូងក្នុងការរៀបចំទិវានេះ ។
បញ្ជាក់៖នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្ដ ខេត្តព្រៃវែង និងជាប្រធានគណៈកម្មការ រៀបចំទិវា រួមជាមួយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នឹងដឹកនាំអ្នកចូលរួមប្រមាណ ៦០០នាក់ រួមមានសិស្សសាលា មន្រ្ដីស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋមកពីជុំវិញ ប្រទេសកម្ពុជា បងប្អូនជនពិការ ដើរចេញដោយចាប់ផ្ដើមពី សួនសម្ដេចក្រឡាហោម ស ខេង ចម្ងាយផ្លូវប្រវែង ១៧០០ ម៉ែត្រ ដើម្បីអបអរសាទរ និងបង្ហាញពិភពលោក ឲ្យស្គាល់ទីក្រុងព្រៃវែង ស្គាល់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសេ កម្ពុជា ជាប្រទេសមានសន្ដិភាព សុវត្ថិភាព និងមានការរីកចំរើនស្ទើរគ្រប់វិស័យ ៕
ដោយ៖លី ភីលីព