ភ្នំពេញ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំសរុបការងារសំខាន់ៗរបស់សហព័ន្ធក្រោយពីបញ្ចប់ការងារ SEA GAME 2023 ។
លោក ណុះ ស្លេះ បានមានប្រសាសន៍ថា សហព័ន្ធប្តេជ្ញារៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិក្នុងរយៈពេលមួយឆ្នាំឲ្យបាន ៣ លើកយ៉ាងតិចដើម្បីការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកម្លាំងស្មារតីនេះបានធ្វើឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជា បានកសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ជាក់ស្តែងដូចជាសមិទ្ធផលស៊ីហ្គេម ឆ្នាំ២០២៣ជាដើម។
លោកបានបន្តថា ជាមួយនឹងសមិទ្ធសម្រាប់ការប្រឹងប្រែងក្នុងស្មារតីសាមគ្គីភាព លោកក៏បានលើកបង្ហាញនូវបញ្ហាប្រឈមជាច្រើន ទាំងក្នុងការរៀបចំការប្រកួតអន្តរជាតិធំៗ ដោយសហព័ន្ធបានពុះពារការលំបាក ដែលបានបង្ហាញពីភាពរឹងមាំ កម្លាំងសាមគ្គីភាពរួមបញ្ជូលគ្នារវាងកីឡាករ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ព្រមទាំងអ្នកឧបត្ថម្ភគាំទ្រផ្សេងៗទៀត។
បើទោះបីជាការរួមចំណែករបស់ភាគីពាក់ព័ន្ធលើផ្នែកថវិកា សម្ភារ និងគំនិតយោបល់ក្តី ក៏ទាំងអស់នេះ គឺជាឫសគល់នូវការពូនជ្រុំនៃកម្លាំងសាមគ្គីភាព ដែលរុញឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជាទទួលបានសមិទ្ធផលធំៗជាបន្តបន្ទាប់។ សព្វថ្ងៃនេះសហព័ន្ធកីឡាម៉ូតូទឹកម្ពុជាមានក្លិបជាសមាជិកចំនួន ១២ ក្លិប៕ ដោយ៖លី ភីលីព






